ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិនងក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិធានការនិងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់ជូនដល់ស្ថាប័នពាក់ព័ន្ធកាលពីថ្ងៃទី១៩ខែតុលាឆ្នំា២០២២។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា តាងនាម ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស និងមានកិត្តិយស ដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានការនិងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់” នាថ្ងៃនេះ។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះកិច្ចសហការល្អកន្លងមកជាមួយធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការចាត់វិធានការចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។ ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីតំណាងមកពីក្រសួង/ស្ថាប័ន ឬ អាជ្ញាធរពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសិក្ខាសាលារបស់យើងនាថ្ងៃនេះ សរុបប្រមាណ ១២០ រូប។

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូន អង្គសិក្ខាសាលា ជ្រាបថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងផ្តល់កិច្ចសហការជាមួយ៖ ក្រសួងយុត្តិធម៌ ស្ថាប័នតុលាការខេត្ត-ក្រុង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមគាំទ្រដល់ការប្រមូលពន្ធដារជូនរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការជួញដូរខុសច្បាប់។ ខ្ញុំ សូមថ្លែងការកោតសរសើរចំពោះគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ដែលបានរួមចំណែក និងកំពុងផ្តល់កិច្ចសហការយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន និងចាត់វិធានការចំពោះឯកត្តបុគ្គលនិងនីតិបុគ្គល តាមការស្នើសុំរបស់ស្ថាប័នពាក់ពន័្ធ។

ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កិច្ចគាំពារអតិថិជន និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាធនាគារតាមតម្រូវការ ទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ គឺជារបៀបវារៈស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។ ស្របតាមផែនទីមគ្គុទ្ទេសក៍នេះ ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចគាំពារអតិថិជន តាមរយៈការរៀបចំ “សិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅតាមបណ្ដាខេត្ត-ក្រុង និងស្រុក ទូទាំង ប្រទេស។

ឯកឧត្តមបានបន្តថា នៅក្នុងអំឡុងពេលសន្និសីទជាតិ ស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកជាអនុសាសន៍បន្ថែមឱ្យធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលា និងវេទិកាថ្នាក់តំបន់និងថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យជ្រួតជ្រាបបន្ថែមអំពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងហានិភ័យផ្សេងៗ ដែលអាចកើតឡើងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ បន្ទាប់មកធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដោយបែងចែកជា សិក្ខាសាលាថ្នាក់ខេត្ត និងសិក្ខាសាលាថ្នាក់ក្រុង/ស្រុក ជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ សិក្ខាសាលានេះ បាននិងកំពុង៖ ទី១/-ផ្សព្វផ្សាយអំពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ទី២/-ផ្សព្វផ្សាយក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ទី៣/-លើកកម្ពស់ការយល់ដឹងពីសេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ ទី៤/-ពិភាក្សាអំពី បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និង ទី៥/-ស្វែងរកដំណោះស្រាយនិងឆ្លើយតប នូវសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចំពោះការប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ។

តាមរយៈលទ្ធផលនៃការចុះផ្សព្វផ្សាយកន្លងមក ធនាគារជាតិនៃកម្ពុជា បានយល់ដឹងបន្ថែមអំពីបញ្ហាប្រឈមនានារួមមួយចំនួន ដូចជា៖
• ប្រជាពលរដ្ឋនៅតាមជនបទ ពុំទាន់យល់ច្បាស់អំពីកាតព្វកិច្ច និងការប្រើប្រាស់ សេវាហិរញ្ញវត្ថុ ព្រមទាំងពុំទាន់អាចទទួលព័ត៌មានហិរញ្ញវត្ថុបានពេញលេញ និងមានការលំបាកក្នុងការស្វែងរកការពន្យល់បញ្ជាក់នៅពេលមានបញ្ហា ឬចម្ងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ
• អាជ្ញាធរមូលដ្ឋាន មានការលំបាកក្នុងការកំណត់ឱ្យច្បាស់រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលស្របច្បាប់ និងមិនស្របច្បាប់ និង
• មានក្រុមជនខិលខូចមួយចំនួន បាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំ ទាំងសេវាផ្តល់ប្រាក់កម្ចីនិងសេវាប្រមូលប្រាក់បញ្ញើ ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួននៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងបើកចំហ ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាគឺខុសនឹងមាត្រា ៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ការផ្តល់ឥណទានខុសច្បាប់នេះក៏ផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌និងយន្តការការពារអតិថិជន អាចជំរុញឱ្យមានអំពើហិង្សា ការបាត់បង់ទ្រព្យធានា និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ។ ការណ៍នេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

ឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តី ប្រកាសព័ត៌មានស្តីពី “ការផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់” ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជនអំពីគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលផ្តល់សេវាឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះអ្នកផ្តល់សេវាឥណទានខុសច្បាប់ និង/ឬក្រៅផ្លូវការ។ ជាការឆ្លើយតបបន្ថែមពីលើសេចក្តីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ ផ្តួចផ្តើមរៀបចំសិក្ខាសាលានាថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បី៖ ១/-បញ្ជ្រាបការយល់ដឹង បន្ថែមដល់ភាគីពាក់ព័ន្ធអំពីវិធានការផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់ ២/-ដាក់ចេញនូវវិធានការអប់រំ ឬណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ និង ៣/-ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។ សិក្ខាសាលានាថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន ដើម្បីរួមគ្នាក្នុងកំណត់វិធាន និងយន្តការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ សកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ នឹងរៀបចំចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាអំពីលទ្ធផលនៃសិក្ខាសាលា ក៏ដូចជាជំហរនៃកិច្ចសហការគ្នាទៅវិញទៅមក ក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់៕