ខេត្តតាកែវ៖ អគារសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផុសឡើងនៅលើទឹកដីខេត្តតាកែវ ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន (MJQE) បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមផ្តល់ទំនុកទុកចិត្តកាន់តែខ្ពស់ទៅដល់មាតាបិតាសិស្សដែលចង់បាននិងចង់ឃើញនូវអនាគត់កូនរបស់ខ្លួនមានការីកចម្រើននៅក្នុងសង្គម។

លោក រឿង សុភាព អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានអះអាងថា អគារសិក្សាថ្មីដែលសាងសង់ឡើងលើទឹកដីនៃខេត្តតាកែវនេះ គឺជាអគារសិក្សាមួយក្នុងតំបន់ដែលទទួលបានការអប់រំមួយប្រកបដោយគុណភាពអប់រំល្អបំផុតជាមួយបរិស្ថានល្អ បរិក្ខារអប់រំទំនើបៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងជាពលរដ្ឋល្អនៅពេលអនាគត។
លោកបានអះអាងថា «អគារសិក្សាថ្មីនេះបានបំពាក់នូវបរិក្ខារទំនើបៗដែលនឹងជំរុញឱ្យ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាចសិក្សានិងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍនិងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក»។

លោក ឈឿន អុន និងភរិយាដែលបានសម្រេចចិត្តជ្រើសរើសយកសាលា Aii ដើម្បីការសិក្សាកូនរបស់ខ្លួន បានឱ្យដឹងថាពីមុនមកគ្រួសារយើង តែងតែមានគម្រោងឬមានគំនិតក្នុងចិត្តជាប់ជានិច្ចក្នុងការរៀបចំទុកដាក់ចំពោះអនាគតកូន។ក្តីព្រួយបារម្ភពេលកុមារ(កូន)នៅតូចយើងតែងគិតពីសុវត្ថិភាព ពេលដែលគាត់ចេញទៅក្រៅគឺមិនចង់ឱ្យឃ្លាតពីភ្នែករបស់យើងបានទេ។លើសពីនេះយើងត្រូវមានចក្ខុវិស័យថាត្រូវស្វែងរកសាលាណាបង្រៀននិងអប់រំកូនៗរបស់យើងប្រកបដោយទំនុកចិត្តដោយដើរនៅលើផ្លូវមួយដ៏ល្អនៅពេលខាងមុខ។
លោកឈឿន អុន បន្តថា ដើម្បីសម្រេចបាននូវគោលបំណងមួយនេះក្នុងនាមជាឪពុកម្តាយម្នាក់ បើយើងជ្រើសរើសយកសាលាដែលល្អ តួយ៉ាងដូចជាសាលាAiiចឹងគឺប្រព័ន្ធការអប់រំរបស់គាត់ ខ្ញុំមើលឃើញថាល្អណាស់ដូចជាជួយតម្រង់នៅឥរិយាបទកូនៗឱ្យរស់នៅក្នុងសង្គមប្រកបក្រមសីលធម៌ល្អប្រកាន់ខ្ជាប់នៅទង្វើល្អ។

លោកសង្កត់ធ្ងន់ថា«នៅពេលវត្តមានសាលាAii បើកសម្ពោធសាខាថ្មីនៅទីរួមខេត្តតាកែវពេលនេះបានធ្វើឱ្យខ្ញុំបាត់អស់ក្តីព្រួយបារម្ភរហូតដល់៧០%ទៅ៨០%ហើយនៅសល់ប៉ុន្មានទាមទារឱ្យយើងដែលជាឪពុកម្តាយត្រូវជួយបង្ហាត់បង្រៀនកូនៗបំពេញបន្ថែម»។
លោកបន្ថែមថា«នៅពេលដែលកូនៗរៀនបញ្ចប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី១២ដោយការប្រឡងមានន័យថាទាល់តែចេះទើបគាត់ជាប់ គាត់មិនអាចបើកំណែឬប្រយ៉ុងដើម្បីប្រឡងជាប់បាននោះទេ។អ៊ីចឹងនៅពេលគាត់ប្រឡងជាប់ដោយសមត្ថភាពពិត ប្រាកដណាស់ជីវិតរបស់គាត់ គឺចេះច្នៃប្រឌិតធ្វើអ្វីៗក៏បានដែរ ដូចនេះអនាគត់របស់គាត់(កូន)គឺភ្លឺស្វាង»។

បើតាមប្រសាសន៍អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ លោកបានបន្តពង្រីកសាខាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត ខណៈសាខាខេត្តតាកែវជាសាខាទី១៥ ហើយសាខាខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួលសង្កែ សែនសុខ និងសាខាចំការដូង ក៏នឹងគ្រោងសម្ពោធ ដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់។

គួរជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបាន បង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

…តោះចុះឈ្មោះចូលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវឥឡូវនេះ! បវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ ចូលរៀនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ដោយផ្តល់ជូននូវអាហារូបករណ៍១០ភាគរយ។ ចំពោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបើកដំណើរការឆាប់ៗខាងមុខនេះ៕