យល់ដឹង៖ ការមករដូវរបស់ស្ត្រីពិតណាស់វាជារឿងធម្មតា ប៉ុន្តែក្នុងអំឡុងពេលនេះអ្នកក៏គួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងឥរិយាបទ ទាំងការដើរ ដេក ឈរ អង្គុយ ជាពិសេសការទទួលទានអាហារ។ ប៉ុន្តែផ្ទុយទៅវិញវាបានធ្វើឱ្យស្ត្រីមួយចំនួនខ្លាច រហូតយល់ខុសពីចំណុចមួយចំនួនដែលគិតថាវាក៏អាចបង្កជាបញ្ហា ឬផលប៉ះពាល់ក្នុងអំឡុងពេលមករដូវ ទាំងការពិតវាមិនមែនដូចជាអ្វីដែលអ្នកបានដឹងតៗគ្នា និងគិតដោយខ្លួនឯងនោះទេ។

ថ្ងៃនេះសូមបង្ហាញពីចំណុចមួយចំនួនដែលបងប្អូនមិត្តៗនារីតែងតែយល់ខុស ក្នុងអំឡុងពេលមករដូវ៖

១. មករដូវកុំញ៉ាំអាហារត្រជាក់

នារីជាច្រើនប្រហែលជាត្រូវបានបណ្ដុះដោយគំនិតមួយនេះ “យើងផឹកទឹកត្រជាក់ ឬ ញ៉ាំរបស់ត្រជាក់ដែលនឹងធ្វើឱ្យរដូវធ្លាក់ចុះវាក៏ធ្វើឱ្យមានការឈឺពោះថែមទៀតផង” តែជាការពិតនេះមិនមែនជាមូលហេតុនោះទេ ព្រោះមូលហេតុពិតនៃការឈឺពោះអាចជាការកន្ត្រាក់នៃស្បូនមិនមែនមកពីការញ៉ាំអាហារត្រជាក់នោះឡើយ ។

២. មករដូវកុំងូតទឹកត្រជាក់

ចំណុចនេះអាចស្រដៀងនឹងការហាមប្រាមមិនឱ្យអ្នកទទួលទានអាហារត្រជាក់នៅចំណុចខាងលើ។ ពិតណាស់ដែលថាក្នុងអំឡុងពេលមករដូវរបស់ស្ត្រីរាងកាយនឹងផ្លាស់ប្តូរ ហើយមនុស្សខ្លះអាចមានភាពស៊ាំទាប និងការងូតទឹកត្រជាក់អាចធ្វើឱ្យអ្នកឈឺ។ ប៉ុន្តែការពិតការងូតទឹកត្រជាក់ពេលមករដូវវាមិនមែនជាបញ្ហា សម្រាប់នារីគ្រប់រូបនោះទេ អ្នកអាចងូតទឹកត្រជាក់ជាធម្មតាបាន។

៣.មករដូវមិនគួរហាត់ប្រាណ 

ការធ្វើលំហាត់ប្រាណអំឡុងពេលមានរដូវត្រូវបានគេនិយាយថាវាអាចបណ្តាលឱ្យដួលសន្លប់ ដោយសារតែរាងកាយខ្សោយ ដែលជំនឿនេះត្រូវបានគេចាត់ទុកថាជាកំហុសផ្គងមួយចំពោះនារីៗ ព្រោះការហាត់ប្រាណរាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Endorphins  ដែលសារធាតុនេះជួយ បន្ធូរ អារម្មណ៍តានតឹង និង កាត់បន្ថយការឈឺក្នុងពោះផងដែរ ប៉ុន្តែក៏ត្រូវបានគេណែនាំឱ្យអ្នកគួរជ្រើសរើសសកម្មភាពហាត់ប្រាណស្រាលៗ ដូចជាហែលទឹក ឬធ្វើយូហ្គាផងដែរ។

៤. មករដូវកុំផឹកទឹកដូង

“បន្ថែមពីលើអាហារត្រជាក់ត្រូវបានហាមឃាត់ផឹកទឹកដូង” ពិតណាស់វាជាអាហារមួយទៀតដែលត្រូវ បានចាត់ថ្នាក់ជាអាហាហាមឃាត់ ព្រោះបើយើងញ៉ាំទឹកដូងពេលយើងមានរដូវនឹងរក្សាឈាមរបស់យើងមិនឱ្យហូរ វាក៏នាំឱ្យការមករដូវនៅខែក្រោយរបស់យើងត្រូវបានពន្យារពេលផងដែរ។

តាមពិតទឹកដូងអ្នកអាចញ៉ាំបានដូចធម្មតាគ្រប់គ្នា អាស្រ័យលើកម្រិតថ្នាំ និងការឆ្លើយតបទៅនឹងរាងកាយប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្ស ព្រោះមិនមែនគ្រប់គ្នាដែលផឹកទឹកដូងនឹងឈប់ហូរឈាមនោះទេ ដូច្នេះឈប់បារម្ភពីបញ្ហានេះទៀតទៅ។

៥. នៅពេលដែលមករដូវយឺតពេក ឬតិចពេក គួរតែប្រើថ្នាំ             

នៅពេលអ្នកមានអារម្មណ៍ថាមករដូវយឺត ឬតិចតួចពេកអាចបណ្តាលឱ្យនារីជាច្រើនមានការព្រួយ បារម្ភខ្លាំង ហើយត្រូវរកថ្នាំគ្រាប់បរិភោគ។ ពិតណាស់គំនិតនេះត្រូវបានគេចាត់ទុកថាជាគំនិតខុស ខ្លាំង ហើយវាក៏មានគ្រោះថ្នាក់ដល់រាងកាយផងដែរ ព្រោះការមករដូវយឺត ឬតិចតួចពេកអាចបណ្តាលមកពីបញ្ហាសុខភាពរបស់យើងផ្ទាល់៕ ប្រភព៖ Sanook