ភ្នំពេញ៖ លោក ជួប សុភ័ក្រ្កដែលត្រូវបានមហាជនទទួលស្គាល់ថាជាពិធីករដ៏ឆ្នើមម្នាក់ ប្រចាំស្ថានីយទូរទស្សន៍បាយ័នត្រូវបានជ្រើសរើសតែងតាំងជាទូតសុច្ឆន្ទៈលើកដំបូងរបស់អង្គការ ផ្កាយសមុទ្រ។

ក្នុងតួនាទីជាទូតសុច្ឆន្ទៈលើកដំបូងរបស់លោកជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយនេះ លោកជួប សុភ័ក្រ្កបានអះអាងថា នឹងប្រើតួនាទីនេះជួយជ្រោមជ្រែងដល់ការងារសប្បុរសធម៌តាមរយៈការ លើកកម្ពស់ការអប់រំទៅកាន់កុមារដែលកំពុងជួបការខ្វះខាត ឲ្យទទួលបានការសិក្សា ការលេងកីឡា ដើម្បីឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង និងជួយឲ្យគ្រួសារចាកចេញពីភាព ក្រីក្រ។

គួរបញ្ជាក់ផងដែរថា អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់និងមាន បទពិសោធន៍ ជាង ១៦ ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពី ភាពក្រីក្រ ។ កិច្គាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិក កម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរ មូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធី សិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូល រៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រ នៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រ ដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃ ការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផល ដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គ សង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរ តែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

ដោយឡែកលោកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្របានសម្តែងក្តីសោមនស្ស រីករាយដែលលោក ជួប សុភ័ក្រ្ក តែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោកចូលរួមជួយដល់ ការងាររបស់អង្គការផ្កាយសមុទ្រកន្លងមក រហូតលោកត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈលើកដំបូង របស់អង្គការផ្កាយសមុទ្រ។