ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅផ្សាទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ធនាគារជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ ក្រោមអធិបតិយ្យភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាងឃុន និង អ្នកឧកញ៉ា លាង ម៉េង និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។ កម្មវិធីដាក់សម្ពោធអោយដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ២៧១ មេហ្គាម៉ល ក៍មានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

កម្មវិធីសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្ម និងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជន គ្រប់ពេលវេលា ប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។
សូមបញ្ជាក់ថាក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដាក់ដំណើរការសាខាថ្មីចំនួន៤ទីតាំងហើយ ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គាម៉ល។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែម និងរាយការណ៍ពីសមិទ្ធផលនានាដែលទទួលបានកន្លងមកថា «ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបញ្ចេញផលិតផលថ្មីមួយទៀតទៅក្នុងទីផ្សារ គឺផលិតផលកាតដែលនឹងនាំយកអត្ថប្រយោជន៍ដែលពុំមានពីរ ប្រកបដោយប្រណីតភាព និងសម្បូរបែបបំផុតមកជូនអតិថិជនរបស់យើងក្នុងពេលឆាប់ៗផងដែរ»។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង ដែលបានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការពង្រីកបណ្តាញសហប្រតិបត្តិការ តាមរយៈការបើកសាខាថ្មីៗជាបន្តបន្ទាប់។ លោកបង្ហាញក្តីសង្ឃឹមថា ធនាគារនឹងបន្តចូលរួមចំណែកក្នុងការពង្រីកសេវាធនាគារឲ្យកាន់តែទូលំទូលាយ តាមរយៈការនាំមកនូវបទពិសោធន៍បច្ចេកវិទ្យា និងផលិតផលហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជនថែមទៀត ទាំងពេលបច្ចុប្បន្ននិងអនាគត និងបន្តគោរពតាមច្បាប់និងបទបញ្ញត្តិ ដែលមានជាធរមាន ៕