ពូជពស់ចាន់ល្មមរបស់កសិដ្ឋាន៤០០ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងមានតម្លៃល្អ ខណៈសាច់របស់វាមានរសជាតិឆ្ងាញ់ ជាពិសេសមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពរាងកាយមនុស្ស។

លោក ហាច ឆន ស្ថាបនិកចិញ្ចឹមពស់ចាន់ល្មម និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់ឱ្យដឹងថា លោកបានចិញ្ចឹមពស់នេះ អស់រយៈពេលជាង១ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្នែកកសិកម្មក្នុងពេលបច្ចុប្បន្នឲ្យកាន់ទូលំទូលាយ។

លោកបានបន្តថា សម្រាប់ពូជពស់ចាន់ល្មមនេះ ជាប្រភេទពូជក្នុងស្រុក ដែលងាយស្រួលក្នុងការចិញ្ចឹម មិនពិបាកក្នុងការរកចំណីដោយសារតែពស់នេះ វាស៊ី កូនត្រី កូនកង្កែប កូនក្ដាម កូនក្អាត់ ជាចំណី អាហារ និងក្រោយពីការចិញ្ចឹមរយៈពេល៦ទៅ៨ខែទើបអាចធំធាត់ល្អ ដែលមានទម្ងន់ចាប់ ពី១គីឡូក្រាម ទៅជិត២គីឡូក្រាមក្នុងមួយក្បាល។

លោកបន្ថែមទៀតថា ពស់ចាន់ល្មមនេះ កំពុងមានទីផ្សារល្អ និងមានតម្លៃខ្ពស់ ហើយវាជាប្រភេទេពស់ដែលគ្មានពិស អាចយកមកទទួលទានបាន ដោយសារសាច់វាមានរស ជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយមនុស្ស។

គួរបញ្ជាក់ផងដែរថា សម្រាប់ពស់ចាន់ល្មមប្រមាណ១០០អាង ដែល មេបាក្នុង១គីឡូក្រាមមានតម្លៃ៤៥ដុល្លារ និងសាច់ក្នុង១គីឡូក្រាម៣៥ដុល្លារ៕

ប្រភព: ក្រសួងព័ត៌មាន