ភ្នំពេញ៖ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​​។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថាពិព័រណ៍ខាងលើនេះនឹងធ្វើឡើងនៅថ្ងៃទី១១រហូតដល់ថ្ងៃទី១៣វិច្ឆិកាឆ្នំា២០២២នេះគឺមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖ ១)-កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។២)-បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។ ៣)-ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។៤)-អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។៥)-ចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។៦)-លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួម ជាដើម។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មានដូចជាវេទិកាកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-តំណាងវិស័យឯកជន-អ្នកស្រាវជ្រាវ-សង្គមស៊ីវិល,សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃបច្ចេកវិទ្យា,កម្មវិធីបង្កើតទំនាក់ទំនងសម្រាប់ធុរកិច្ចថ្មីបច្ចេកវិទ្យានិងវិនិយោគិន, កម្មវិធី Seedstars summit, កម្មវិធី ASEAN YOUNG ENTREPRENEURS CARNIVAL, កម្មវិធី Startup Investment Readiness Program for Tech Startup, វេទិកាធុរកិច្ចថ្មីកម្ពុជា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងទាញយកចំណាប់អារម្មណ៍អ្នកវិនិយោគខាងក្រៅប្រទេស ឱ្យងាកសម្លឹងមកកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផងដែរ។ នេះជាការបោះជំហានសម្រាប់ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦»។

ឯកឧត្តមលើកឡើងថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនទីបង្ហាញផ្លូវជាបន្តបន្ទាប់ មានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអាទិភាពមួយចំនួនទៀត ដែលបម្រើដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមថាប្រជាជនកម្ពុជា សហគ្រិន និងវិនិយោគិន ជាច្រើននឹងទទួលបានប្រយោជន៍ពីគំនិតនៃការផ្តួចផ្តើមទាំងនេះ។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដើម្បីឆ្លើយតប និងចូលរួមធ្វើឱ្យបានសម្រេចនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងក្របខណ្ឌផែនការយុទ្ធសាស្រ្ត រួមទាំងក្របខណ្ឌគតិយុត្តមួយចំនួនទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងប្រឹងប្រែងរៀបចំនិងជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីធានាបានថាកម្ពុជានឹងក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តម ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមអគ្គនាយកដ្ឋានទទួលបន្ទុកសម្របសម្រួលរៀបចំកម្មវិធី បានមានប្រសាសន៍ថា យន្តការសហការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាគន្លឹះដើម្បីជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានការរីកចម្រើនឆាប់រហ័ស។ ហេតុនេះ ខ្ញុំបាទសូមស្នើនិងសូមគោរពអញ្ជើញដល់ សាធារណជន វិស័យឯកជន
ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានច្រើនកុះករក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជានាពេលខាងមុខនេះ ដើម្បីទទួលបានពុទ្ធិ ចំណេះដឹង ជាពិសេសស្រូបទាញយកនូវឱកាសនៃពង្រីកបច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាឱកាសនៃការវិនិយោគតាមវិស័យទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអញ្ជើញធ្វើជាអធិបតីបើកសម្ពោធជាផ្លូវការនូវ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ កម្មវិធីនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជានៃប្រទេសតំបន់អាស៊ាននិងអាស៊ានបូក ដៃគូអភិវឌ្ឍន៍និងដៃគូសន្ទនាជាតិនិងអន្តរជាតិ វាគ្មិនជំនាញជាតិនិងអន្តរជាតិ វិស័យឯកជនជាតិនិងអន្តរជាតិ។ ជាការរំពឹងទុក កម្មវិធីនេះនឹងមានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមប្រមាណ ៦០, ០០០ នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា ជាដើម៕