បរទេស៖ នារីវ័យក្មេងម្នាក់បានជួលសណ្ឋាគារ យ៉ាងប្រណិត មានរៀបចំតុជាច្រើន ដើម្បីរៀបចំពីធីខួបកំណើតគម្រប់ ១៨ ឆ្នាំ។ ដោយពិធីជប់លៀងយ៉ាងអស្ចារ្យនោះនាងស្លៀកពាក់សំលៀកបំពាក់ដ៏ស្រស់ស្អាតសម្រាប់ទទួលភ្ញៀវ ប៉ុន្តែចុងក្រោយត្រូវខកបំណងព្រោះគ្មានសូម្បីតែមិត្តម្នាក់មកចូលរួមនោះទេ។
នាថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០២២ គេហទំព័រ Legit បានបង្ហាញពីរឿងរ៉ាវដ៏សែនហួសចិត្ត និងពិតជាអាណិតអាសូរជាខ្លាំង ក្រោយពីនារីវ័យក្មេងម្នាក់មកពីប្រទេសនីហ្សេរីយ៉ា ដែលនាងត្រូវបានក្រុម គ្រួសាររៀបចំកក់បន្ទប់ជប់លៀងនៅសណ្ឋាគារដ៏ប្រណិតមួយ សម្រាប់រៀបចំពិធីខួបកំណើតគម្រប់ខួប១៨ឆ្នាំរបស់នាង។
ដោយក្នុងពិធីនោះផងដែរនាងបានអញ្ជើញភ្ញៀវដែលជាមិត្តភ័ក្តិ ព្រមទាំងបានត្រៀមរៀបចំតុអាហារក្នុងការទទួលភ្ញៀវជាច្រើន ដោយសង្ឃឹមថាមិត្តភ័ក្តិទាំងអស់នឹងមកចូលរួមក្នុងថ្ងៃពិសេសមួយនេះគ្រប់ៗគ្នា។
ប៉ុន្តែហាក់បីដូចជាពិធីជប់លៀងដ៏ប្រណិតបានប្រែក្លាយទៅជាពិធីដ៏ឯកា និងស្ងប់ស្ងាត់ជាខ្លាំង នៅពេលដែលមិនមានភ្ញៀវសូម្បីតែម្នាក់បង្ហាញវត្តមានក្នុងពិធីខួបកំណើតមួយនេះ។
មិនតែប៉ុណ្ណោះគេថែមទាំងបានបង្ហាញនូវរូបថតនារីវ័យក្មេងដែលជាម្ចាស់ខួបអង្គុយក្នុងសលៀកបំពាក់ រួមទាំងការតុបតែងមុខ និងសក់បានយ៉ាងស្រស់ស្អាត ប៉ុន្តែត្រូវអង្គុយតែម្នាក់ឯងនៅលើតុ ក្នុងពិធីជប់លៀងដែលបានរៀបចំយ៉ាងល្អ ក្នុងទឹកមុខយ៉ាងស្រងូតស្រងាត់ ហាក់ដូចជាខកបំណងដ៏ធំក្នុងថ្ងៃពិសេសខ្លួន។
ទោះជាយ៉ាងណាក៏មានមហាជនជាច្រើនបានលើកឡើង និងបញ្ចេញមតិយ៉ាងដូច្នេះថា៖
“ប្រសិនបើគេជាមិត្តពិតរបស់អ្នកមែនគេនឹងបង្ហាញខ្លួន”។ “ប្រហែលជាមិនមែនជាមិត្តពិតទេ” ។ “វាប្លែកណាស់ដែលគ្មាននរណាម្នាក់មក”។ “ប្រសិនបើវាជាការពិតមែន នាងគួរឲ្យអាណិតណាស់” ។ “បរិយាកាសក្រៀមក្រំណាស់”។
ប៉ុន្តែយ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតមួយចំនួនក៏មានការសង្ស័យថា តើវាជាព្រឹត្តិការណ៍ពិតទេ? ឬប្រហែលជាវាគ្រាន់តែជាការសម្តែង? ព្រោះមើលទៅវាហាក់ដូចជាព្រឹត្តិការណ៍ និងទីតាំង ដូចជាមុនពិធីជប់លៀងចាប់ផ្ដើមមកដល់៕ ប្រភព៖ Kapook