បរទេស៖ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន AFP និង BBC បានរាយការណ៍ថាប្រទេសអាហ្វហ្គានីស្ថានការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងនៅមជ្ឈមណ្ឌលអប់រំ នៃមហាវិទ្យាល័យឯកជនមួយកន្លែងដែលបានបណ្ដាលឱ្យសិស្សជាច្រើននាក់កំពុងប្រឡងត្រូវរងរបួស និងស្លាប់ជាច្រើននាក់។

ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងនៅមជ្ឈមណ្ឌលអប់រំ Kaaj Tutoring Centerជាមហាវិទ្យាល័យឯកជនដែលបង្រៀនសិស្សប្រុស និងស្រីនៅក្នុងតំបន់ Dacht-e-Barkey ភាគខាងលិចទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានោះប៉ូលិសក្នុងតំបន់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះនៅមជ្ឈមណ្ឌលអប់រំ ខណៈដែលនិស្សិតបានបញ្ចប់លំហាត់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ។

ហើយបានធ្វើឱ្យមនុស្ស ១៩ នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតបានរងរបួសដែលសុទ្ធតែជាសិក្សានុសិស្ស។

សាកសពអ្នកស្លាប់ បានតម្រង់ជួរគ្នានៅលើឥដ្ឋក្នុងមន្ទីរពេទ្យក្បែរនោះ ហើយផ្នែកអគារនៃមជ្ឈមណ្ឌលបង្រៀនបាក់បែក និង តុក្រឡាប់រប៉ាតរប៉ាយ ដោយក្នុងថ្នាក់រងការខូចខាតដោយការ បំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងខ្លាំង។

ទោះជាយ៉ាងណាមិនមានរបាយការណ៍ណាមួយបញ្ជាក់ពីក្រុមណាមួយនៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតនេះនោះទេ។ ប៉ុន្តែលោក Abdul Nafi Tagor អ្នកនាំពាក្យក្រសួងកិច្ចការផ្ទៃក្នុងអាហ្វហ្គានីស្ថាន បានបង្ហោះសារនៅលើ Twitter ដោយនិយាយថាក្រុមសន្តិសុខមួយក្រុមបានប្រញាប់ប្រញាល់ទៅមើលកន្លែងកើតហេតុ ព្រមទាំងបានថ្កោលទោសការវាយប្រហារនេះលើគោលដៅជនស៊ីវិលដែលជាការបង្ហាញពីភាពឃោរឃៅអមនុស្សធម៌ និងកង្វះស្តង់ដារសីលធម៌របស់សត្រូវ។

គួរបញ្ជាក់ឱ្យដឹងថា តំបន់ Dacht-e-Barkey ត្រូវបានវាយប្រហារជាច្រើនដង ពេលខ្លះគោលដៅគឺសាលារៀន និងមន្ទីរពេទ្យ ដូចជាកាលពីឆ្នាំមុន  មុនពេលពួកតាលីបង់ ឡើងកាន់អំណាច ការបំផ្ទុះគ្រាប់បែក ចំនួនបីគ្រាប់បានវាយប្រហារសាលាកុមារីទាំងអស់នៅតំបន់ Dacht-e-Barkey យ៉ាងហោចណាស់មនុស្ស ៨៥ នាក់បានស្លាប់ ដែលភាគច្រើនជាសិស្ស ហើយមនុស្សប្រមាណ ៣០០ នាក់បានរងរបួសផងដែរ៕ Khaosod