ខ្នងផ្សារ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ក្រោយ ពីមហាជនបានឃើញពីការបង្ហោះនូវពីធីរៀបការយ៉ាងប្លែកភ្នែក និងមិនដែលធ្លាប់មានពីផេកឈ្មោះ onpixture អំពីរូបភាពជាច្រើនសន្លឹករបស់គូស្នេហ៍កូនកំលោះកូនក្រមុំដឹកដៃគ្នាឡើងភ្នំខ្នងផ្សារដើម្បីរៀបអាពាហ៍ពិពាហ៍លើកដំបូងនៅទីតាំងធម្មជាតិដ៏ស្រស់ស្អាតនេះ។

ពិតណាស់ខ្នងផ្សារជាទីកន្លែងនៃសម្រស់ ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ ​សម្រាប់បងប្អូនអ្នកទេសចរណ៍ដែលតែងតែធ្វើដំណើរឡើងមកបោះតង់លំហែអារម្មណ៍ និងជាទីតាំងដ៏សាកសមសម្រាប់អ្នកចង់គេចចេញពីទីអ៊ូអរមករកកន្លែងស្ងប់ស្ងាត់ និងស្រូបយកខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធិ មើលទេសភាពស្រស់បំព្រងនិងអស្ចារ្យ។

តែលើសពីអ្វីដែលអ្នកគិត ដោយទីតាំងខ្នងផ្សារកាលពីពេលថ្មីៗនេះវាក៏បានក្លាយជាកន្លែងប្រារព្ធពិធីរៀបការជាលើកដំបូងសម្រាប់គូស្នេហ៍ជនជាតិបរទេសមួយគូដែលគេស្គាល់ឈ្មោះថា Mark និង Abbie  ដោយអ្នកទាំងពីរបានជ្រើសកន្លែងធម្មជាតិដ៏ស្រស់ស្អាតក្នុងស្រុកខ្មែរនេះសម្រាប់ជាសាក្សីក្នុងថ្ងៃរៀបការយ៉ាងរ៉ូមែនទិក សម្រាប់អ្នកទាំងពីរ ព្រមទាំងមានការចូលរួមពីមិត្តភ័ក្តិជាច្រើននាក់ផងដែរ។

យ៉ាងណាមិញក្រោយពីមានការបង្ហោះនូវរូបភាពរៀបការរបស់គូស្នេហ៍ជនបរទេសនៅលើខ្នងផ្សារដ៏ប្លែកភ្នែកនេះរួចមក មានមហាជនជាច្រើនបានសរសើរពីគំនិតជ្រើសរើសកន្លែងទាក់ទាញ និងមិនធ្លាប់មានអ្នកណាធ្វើពីធីរៀបការបែបនេះពីមុនមក និងសរសើរពីសម្រស់គូស្នេហ៍ក្នុងឈុតពណ៌ស សាកសមនឹងធម្មជាតិពណ៌ខៀវខ្ចី៕