មនុស្ស៣នាក់ ក្នុងនោះជនជាតិខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត និងជនជាតិចិនពីរនាក់ ជាអ្នករួមដំណើរ បានបាត់ខ្លួន បន្ទាប់ពីបើករថយន្តធ្លាក់ចូលក្នុងជ្រោះ ក្រោមទំនប់វារីអគ្គិសនីកំចាយ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមសមត្ថកិច្ច ក្រោយទទួលព័ត៌មាន បានចុះទៅពិនិត្យស្រាវជ្រាវដល់ចំណុចកើតហេតុ ឃើញថា រថយន្តប្រភេទតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8437 ជិះគ្នា៣នាក់។ សមត្ថកិច្ចបានបន្តទៀតថា ទាំង៣នាក់បានជិះរថយន្ត បើកធ្លាក់ចូលជ្រោះក្រោមទំនប់វារីអគ្គិអគ្គិសនី ចំងាយ១៥០ម៉ែត្រ លិចបាត់រថយន្ត ខណៈពេលទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើងខ្លាំង រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចទទួលបានព័ត៌មាន ហើយចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ រកឃើញរថយន្ត សល់តែគ្រោងដែក នៅខាងក្រោមពីកន្លែងធ្លាក់ចំងាយ៥០០ម៉ែត្រ តែមនុស្ស៣នាម់បាត់ខ្លួនទាំងអស់ ។

ក្នុងប្រតិបត្តិការរុករកករណីខាងលើ ដឹកនាំដោយ លោក អ៊ឹម ចាន់សោធន អភិបាលស្រុកទឹកឈូ កម្លាំងសមត្តិកិច្ច អាជ្ញាធរស្រុក រុករក រហូតដល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា នៅតែមិនឃើញមនុស្ស មិនដឹងថា ស្លាប់ឬរស់៕