រដ្ឋធានីប៉េកាំង៖ នៅមុនកិច្ចប្រជុំកំពូលគណបក្សកុម្មុយនីស្ដ ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសចិន នោះ ក៏មានការលេចឮពាក្យចចាមអារ៉ាម អំពីការចាប់ខ្លួនប្រធានាធិបតីចិន ប៉ុន្ដែទើបតែពេលនេះ លោក ស៊ី បង្ហាញខ្លួន នៅក្នុងពិធីតាំងពិព័រណ៍ នៅក្នុងរដ្ឋធានីប៉េកាំង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទិ២៧ ខែកញ្ញា ថា បើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន បានឲ្យដឹងថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន កាលពីថ្ងៃអង្គារ បានទៅចូលរួមពិធីតាំងពិព័រណ៍មួយ នៅក្នុងរដ្ឋធានីប៉េកាំង។ នេះជាបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីការវិលត្រឡប់ ពីដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់អាស៊ីកណ្តាល កាលពីពាក់កណ្តាលខែកញ្ញា។ ការបង្ហាញខ្លួនរបស់លោកប្រធានាធិបតី ស៊ី ក៏បានលុបបំបាត់នូវពាក្យចចាមអារ៉ាម ដែលលើកឡើង គ្មានហេតុផល ថា លោកប្រធានាធិបតី កំពុងស្ថិតក្នុងការឃុំខ្លួន នៅក្នុងផ្ទះរបស់គាត់។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីគាត់បានវិលត្រឡប់ មកពីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្ដិការសៀងហៃ (SCO) នៅក្នុងប្រទេសអ៊ូសបែគីស្ថាន (Uzbekistan) ។ អវត្ដមានរបស់លោកប្រធានាធិបតី បាននាំឲ្យមានកើតពាក្យចចាមអារ៉ាម ពីការរដ្ឋប្រហារយោធា នៅក្នុងទីក្រុងប៉េកាំង៕Xi Jinping and other Chinese leaders at the Beijing Exhibition Hall on Sept. 27.