យល់ដឹង៖ សត្វអំពិលអំពែកគឺជាសត្វល្អិតដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ជាមួយ​នឹងពន្លឺភ្លើងភ្លឹបភ្លែត ដែលមាននៅក្នុងខ្លួនរបស់វា សម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីសត្វគ្នាវាហើយនោះ វាក៏បានធ្វើឱ្យមនុស្សមួយចំនួនឈ្លក់វង្វេងនឹងសត្វប្រភេទនេះផងដែរ។

អំពិលអំពែក ឬជាភាសាអង្គគ្លេសហៅថា Firefly ដែលពួកវាគឺជាគ្រួសារសត្វល្អិតនៅក្នុងលំដាប់សត្វឃ្មុំ Coleoptera ដែលមានជាង ២,០០០ ប្រភេទ ភាគច្រើនជាសត្វដែលបញ្ចេញពន្លឺ និងមានរូបរាងខុសៗគ្នាទៅតាមប្រភេទផ្សេងៗ។

ការរស់នៅ

សត្វអំពិលអំពែកគេតែងឃើញវត្តមានរបស់ពួកវាភាគច្រើននៅតំបន់ដែលមានអាកាសធាតុក្ដៅ និងត្រូពិច វាលភក់ ក៏ដូចជាតំបន់ព្រៃសើម ដែលមាន​នៅទូទាំងពិភពលោក។

ពួកវាជាសត្វមាំសាសី ខណៈ ប្រភេទអំពិលអំពែកខ្លះទៀតចិញ្ចឹមជីវិតដោយលម្អងផ្កា និងរុក្ខជាតិ។

ការបញ្ចេញពន្លឺ

អំពិលអំពែកមាន ២ប្រភេទ គឺ អំពិលអំពែកហោះ និង អំពិលអំពែកវារលើដី។ អំពិលអំពែក ទាំង ២ប្រភេទនេះសុទ្ធ តែអាចបញ្ចេញពន្លឺបានដូចគ្នា។

ពន្លឺរបស់អំពិលអំពែកត្រូវបានបញ្ចេញពីផ្នែកខាងក្រោមក្នុងពោះរបស់វា ពេលថ្ងៃពោះរបស់វាមានពណ៌ប្រផេះលាយ ស ហើយនៅពេលយប់ទើបវាអាចបញ្ចេញពន្លឺស្រទន់មកខាងក្រៅ មានដូចជាពណ៌ ក្រហម ទឹកក្រូច លឿង និងខៀវជាដើម។ ពន្លឺទាំងនេះមានដោយសារតែការប្រតិកម្មធាតុគីមីនៅខាងក្នុងរាងកាយរបស់ពួកវាដែលគេហៅថាពន្លឺជីវសាស្ត្រ bioluminescence។

បណ្ដាកោសិកា bioluminescent មានផ្ទុកសារជាតិ  luciferin និង luciferase នៅពេលគេផ្ដាច់សារធាតុទាំង ២នេះចេញពីគ្នាពួកវានឹងមិនអាចបញ្ចេញពន្លឺនោះទេ។ ប៉ុន្តែពេលដាក់វានៅក្បែរគ្នា luciferase នឹងជម្រុញឱ្យមានអុកស៊ីតកម្មនៅលើសារធាតុ luciferin (ដំណើរការប្រើអុកស៊ីហ្សែនដើម្បីដុតសារធាតុ lucifenrin) ដោយដំណើរការអុកស៊ីតកម្មនេះបង្កើតបានជាពន្លឺ ហើយក្នុងនោះក៏មានពងអំពិលអំពែកខ្លះអាចមានពន្លឺបានផងដែរ។

ជាមួយគ្នានោះខាងក្នុងស្រទាប់ស្បែកពោះគឺជាជួរនៃកោសិកាដែលអាចបញ្ចេញពន្លឺ ហើយស្រទាប់ផ្នែកខាងក្នុងបង្អស់គឺជា កោសិកាចំណាំងប្លាតដែលមានមុខងារដូចទៅនឹងកញ្ចក់ជួយបញ្ចាំងពន្លឺចេញទៅក្រៅ ។

សត្វអំពិលអំពែកឈ្មោលអាចប្រមូល និងបញ្ចេញពន្លឺ fluorescent បានយូរនឹងមានឱកាស ជោគជ័យច្រើនក្នុងការស្វែងរកគូស្នេហ៍ និង ជួយឱ្យអំពិលអំពែកញីបង្កើតកូនបានច្រើន។

យ៉ាងណាមិញអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវថាពួកវាបញ្ចេញពន្លឺដើម្បីផ្ដល់សញ្ញាទៅកាន់សត្វដូចគ្នា និងទៅកាន់ដៃគូបន្តពូជរបស់ពួកវា។ ហើយសត្វអំពិលអំពែកឈ្មោលមានស្លាប តែអំពិតអំពែកញីមិនមានស្លាបនោះទេ ដូច្នេះភាគច្រើនការចេញ និងការបង្ហាញខ្លួនរបស់សត្វអំពិលអំពែកភាគ​ច្រើនគឺជាសត្វឈ្មោល។

ការបង្កកំណើត

នៅពីរ ឬបីថ្ងៃបន្ទាប់ពីការបន្តពូជ សត្វអំពិលអំពែកញី នឹងពងនៅលើដី ឬក្រោមផ្ទៃដី ហើយពងនឹងចាប់ផ្ដើមញាស់នៅបី ទៅបួនសប្ដាហ៍ក្រោយ។

ប្រវត្តិហ្វូស៊ីល

គេបានរកឃើញហ្វូស៊ីលសត្វអំពិលអំពែកនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលមានអាយុកាលជាង១០០លានឆ្នាំមុន ក្នុងអំឡុងសម័យអាល់ប៊ិនដល់សម័យដើម Cenomanian ដំបូងបំផុត៕ ប្រភព៖ wikipedia