ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត ណែនាំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរពាក់ពន្ធ័ ត្រួតពិនិត្យហាមឃាត់ការធ្វើដំណើរផ្លូវសមុទ្រ ចាប់ពីថ្ងៃ២៨កញ្ញាដល់៣០កញ្ញា២០២២ ដើម្បីការពារពីគ្រោះថ្នាក់ដោយសារធាតុអាកាសមិនល្អ មានព្យុះភ្លៀងនិងរលកខ្លាំង ដោយផ្អែកតាមការព្យាករណ៏ពីអង្គភាពជំនាញធាតុអាកាស ក្រសួងធនធានទឹកនិងឧតុនិយម។

បើតាមសារសម្លេងឯកឧត្តមអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តហាមមិនឲ្យទូកដឹកទេសចរណ៏ ទូកដឹកទំនិញឬទូកនេសាទ ចេញទៅក្នុងលម្ហសមុទ្រជាដាច់ខាត ហើយចំពោះទូក កាណូតគ្រប់ប្រភេទដែលកំពុងស្ថិតនៅក្នុងលម្ហសមុទ្រ ចាំបាច់ត្រូវរួសរាន់ធ្វើដំណើរមកកាន់ដីគោកវិញ ដើម្បីការពារសុវត្ថិភាព​ ៕