ជប៉ុន៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

ក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។

សម្តេចតេជោមានប្រសាសន៍ជម្រាបជូន ប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួយសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ លោកបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់សម្តេចតេជោ ដែលបានស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។

ប្រធានរដ្ឋវៀតណាម ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រ្យឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។ មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។

លោក ង្វៀន សួនហ្វុក បានជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ លោកប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជានាយករដ្ឋមន្រ្តីវៀតណាម។

ប្រធានរដ្ឋវៀតណាម និងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕