ភ្នំពេញ៖ ប្រធានផ្នែកត្រួតពិនិត្យ និងប្រតិបត្តិការ នៃធនាគារហត្ថា ម.ក ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយជាប់ចោទពីបទ (រំលោ.ភលើទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត លួចចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រតិប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្ទន័យ និងបញ្ចូល លុប បំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្ទន័យ) និយាយឲ្យស្រួលស្តាប់ គឺជាការលួចប្រាក់របស់ធនាគារអស់រាប់សែនដុល្លារ ដោយយកទៅលេងល្បែ.ងស៊ីសង បៀរប៉ក់ តាមអនឡាញក្នុងទូរស័ព្ទដៃ។

ជនសង្ស័យខាងលើនេះមានឈ្មោះ ស្រ៊ុន សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រធានផ្នែកត្រួតពិនិត្យក្រុមហ៊ុនធនាគារហត្ថា ម.ក មានទីលំនៅផ្លូវBT សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះ ស្រ៊ុន សាវុធ គឺជាបុគ្គលិកបម្រើការងារនៅធនាគារហត្ថា ម.ក ការិយាល័យកណ្តាល ជាប្រធានផ្នែកត្រួតពិនិត្យប្រតិបត្តិការជាន់ខ្ពស់ ដែលមានតួនាទីពិនិត្យរាល់ប្រតិបត្តិការឯកសារ ព័ត៌មានទាក់ទងអតិថិជនគ្រប់ប្រតិបត្តិការសាខារបស់ធនាគារ ទាំងទៅលើឯកសារ និងនៅក្នុងប្រព័ន្ធ។ ផ្ទុយទៅវិញ ឈ្មោះ ស្រ៊ុ ន សាវុធ បានប្រព្រឹត្តខុសពីគោលការណ៍ និងការហាមឃាត់ដាច់ខាតរបស់ធនាគារ ដោយបានលួចធ្វើការកែប្រែព័ត៌មានរបស់អតិថិជននៅក្នុងប្រព័ន្ធធនាគារ ដើម្បីអាចមានសិទ្ធិយកគណនីរបស់អតិថិជនទៅគ្រប់គ្រង និងលួចដកប្រាក់របស់អតិថិជន ដោយការផ្ទេរប្រាក់ចេញពីគណនីរបស់អតិថិជនតាមរយៈការតម្លើងកម្មវិធីធនាគារចល័តនៅទូរស័ព្ទដៃ។

ករណីដូចបានរៀបរាប់នេះ ទើបអ្នកគ្រប់គ្រងនាគារ គេបានស្រាវជ្រាវរកឃើញថា ឈ្មោះ ស្រ៊ុន សាវុធ ជាអ្នកកែប្រែព័ត៌មាន និងលួចដកប្រាក់របស់អតិថិជនចំនួន៦គណនី ដែលមានទឹកប្រាក់បាត់បង់ចំនួន ៦៥៥ ៤៦៥ ដុល្លារអាមេរិក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដូច្នោះហើយត្រូវបានអ្នកគ្រប់គ្រងធនាគារនោះគេប្តឹង និងឃាត់ខ្លួនជនសង្ស័យនាំ ទៅប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក៏បានសារភាពដែរថា ខ្លួនបានចូលបម្រើការងារជាបុគ្គលិកធនាគារហត្ថា តាំងពីឆ្នាំ២០១១ ដោយមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យការប្រតិបត្តិ ទទួលបានប្រាក់ខែ៨៣០ដុល្លារអាមេរិក និងប្រាក់ឧបត្ថមផ្សេងៗទៀត។ លុះមកដល់ឆ្នាំ២០២២ គេបានធ្លាក់ខ្លួនជាមនុស្សវក់នឹងល្បែ.ងស៊ីសង បៀរប៉ក់ តាមអនឡាញ លេងក្នុងទូរស័ព្ទដៃ ហើយក៏បានចាញ់ប្រាក់អស់ជាបន្តបន្ទាប់ ដោយសារចង់បានប្រាក់នោះត្រឡប់មកវិញ។ នៅអំឡុងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ខ្លួនបែកគំនិតបង្កើតគណនីធនាគារចំនួន២ Mbile Banking ហើយបានភ្ជាប់អតិថិជនផ្សេងៗដែលប្រើប្រាស់ធនាគារហត្ថា ឲ្យចូលរួមជាមួយ រួចផ្ទេរប្រាក់ទៅគណនី វីង និង ABA របស់ខ្លួន។

ចម្លើយសារភាពរបស់ជនសង្ស័យថា បើគិតទៅខ្លួនបានផ្ទេរប្រាក់ (លួច) ដោយគ្មានការអនុញ្ញាតពីអ្នកគ្រប់គ្រងធនាគារ យកទៅប្រព្រឹត្តល្បែងស៊ីសងហិនហោចអស់ សរុបជាង៦០ម៉ឺនដុល្លារអាមេរិក (ជាងហុកសិបម៉ឺនដុល្លារអាមេរិក) ទីបំផុត ត្រូវទទួលរងទណ្ឌកម្ម បែកបាក់ក្រុមគ្រួសារ និងដេកពន្ធនាគាររាប់ឆ្នាំ ដោយសារល្បែងស៊ីសង បៀរប៉ក់ នោះតែម្តង​ ៕