រដ្ឋធានីសេអ៊ូល៖ ដោយសារតែមានសេចក្ដីរាយការណ៍ជាច្រើន ជុំវិញសកម្មភាពរបស់កូរ៉េខាងជើង បញ្ជូនកម្លាំងទ័ព និង គ្រឿងសព្វាវុធ ចូលពាក់ព័ន្ធនៅក្នុងសង្គ្រាម នៅអ៊ុយក្រែន នោះ ទើបតែពេលនេះ ក្រុងព្យុងយ៉ាង បានចេញមុខ មកបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។

សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមខែនេះ បានបញ្ជាក់ថា រុស្ស៊ី កំពុងតែស្វះស្វែង រកទិញគ្រឿងយុទ្ធោបករណ៍ ជាច្រើន ពីប្រទេសកូរ៉េខាងជើង រួមទាំង គ្រាប់កាំភ្លើងផ្លោង និង គ្រាប់រ៉ុក្កែត ដើម្បីគាំទ្រ ដល់សង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រទេសកុម្មុយនីស្ដមួយនេះ បានចេញមុខ មកបដិសេធ រាល់ការចោទប្រកាន់ទាំងនេះ។Kim Jong-un Meets Putin in Russia With U.S. Talks Faltering - The New York  Times

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីអគ្គនាយករង នៃអគ្គការិយាល័យបរិក្ខារ ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះមន្ត្រីនោះ ថា «កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និង កងកម្លាំងអរិភាពផ្សេងៗទៀត បាននិយាយ អំពីការរំលោភបំពាន ទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ (UNSC) ដោយបានផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាម អំពីការជួញដូរអាវុធ រវាងកូរ៉េខាងជើង និងរុស្ស៊ី…។ កូរ៉េខាងជើង បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ នេះ ថា ក្រុងព្យុងយ៉ាង មិនធ្លាប់ផ្គត់ផ្គង់គ្រឿងសព្វាវុធ ឬគ្រាប់រំសេវ ទៅឲ្យប្រទេសរុស្ស៊ី ហើយក៏មិនមានផែនការធ្វើដូច្នេះដែរ។

លោក វែដាន ប៉ាតែល (Vedant Patel) អ្នកនាំពាក្យរង ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង កាលពីដើមខែកញ្ញា ថា រុស្ស៊ី កំពុងតែរៀបចំ ចំណាយលុយរាប់រយលានដុល្លារ សម្រាប់ការទិញគ្រាប់រ៉ុក្កែត និង កាំភ្លើង ពីប្រទេសកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់អ៊ីរ៉ង់ អំពីការផ្គត់ផ្គង់ដ្រូនប្រយុទ្ធ ទៅឲ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ប៉ុន្ដែត្រូវបានក្រុងតេអ៊ីរ៉ង់ បដិសេធ ហើយរុស្ស៊ីក៏បានច្រានចោលនូវការចោទប្រកាន់ទាំងនេះ ដោយថែមទាំង បានទាមទារភស្ដុតាងបន្ថែមទៀតផង។Kim Jong Un tours Russia war memorial, wrapping up successful visit | The  Times of Israel

នៅក្នុងលិខិតមួយបញ្ជូនទៅអបអរទិវារំដោះជាតិកូរ៉េ កាលពីដើមខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រាប់ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ថា ប្រទេសទាំង២នេះ នឹងត្រូវពង្រីកចំណងមិត្តភាពទ្វេភាគី យ៉ាងទូលំទូលាយ និង ប្រកបដោយការស្ថាបនា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា។

ជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង ក៏បានផ្ញើលិខិតមួយច្បាប់ត្រឡប់ ទៅជូនលោក ពូទីន វិញ ដោយរៀបរាប់ថា «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និង បច្ចេកទេស ការគាំទ្រ និងសាមគ្គីភាព» រវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយ ចំពេលមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងនេះ ដើម្បីបង្អាក់ការគំរាមកំហែង និង ការបង្កហេតុ ពីកម្លាំងយោធាអរិភាព»៕