ខេត្តសៀមរាប៖ ​នាមុននេះបន្តិចវិទ្យាល័យអង្គរជុំបានចេញសេចក្ដីជូនដំណឹងមួយពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់លិចខ្លាំងនៅក្នុងសាលាដែលនាំសិស្សមិនអាចបន្តការសិក្សាបានឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់សាលាបានរៀបរាប់យ៉ាងដូច្នេះថា៖ «សេចក្ដីជូនដំណឹងនាយកវិទ្យាល័យ អង្គរជុំ មានកិត្តិយសសូមជម្រាប និងជូនដំណឹងដល់ លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ខាន មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យ អង្គរជុំ ទាំងអស់ឱ្យបានជ្រាបថា៖ សាលាសូមផ្អាកការរៀន និងបង្រៀនចាប់ពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ ដោយសារមានទឹកជំនន់លិចទីធ្លាសាលា ហើយចូលរៀនវិញនៅពេលពិធីបុណ្យភ្ជុំបិណ្ឌចប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ខាន មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យអង្គរជុំ ទាំងអស់ជ្រាបជាព័ត៌មាន»។

ជាមួយគ្នានេះដែរខាងសាលាក៏បានឆ្លៀតធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ សប្បុរសជន អង្គការនានាមេត្តាជួយកែរប្រែស្ថានភាពនេះផង ព្រោះជារៀងរាល់ឆ្នាំគឺតែងតែមានករណីលេចទឹកបែបនេះ ដែលនាំឱ្យអាគារចាស់ទ្រុឌទ្រោម បាត់បង់សោភ័ណ្ឌភាព ជះបរិស្ថានមិនល្អដល់សុខភាពសិស្សនិងគ្រូ ៕