បុរីញូវយ៉ក៖ ដោយសារសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដ រកទីបញ្ចប់ នៃការបង្ហូរឈាមមិនទាន់ឃើញ ខណៈ ក្រុងមូស្គូ មានផែនការបញ្ជូនកម្លាំងទាហានរុស្ស៊ី ទៅកាន់សមរភូមិបន្ថែមទៀតនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់លោក ពូទីន រំលោភបំពានទៅលើសណ្ដាប់ធ្នាប់អន្ដរជាតិ ដោយគ្មានការអៀនខ្មាស។

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ នៅព្រហស្បតិ៍ ទី២២ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចោទប្រកាន់រុស្ស៊ី អំពីការរំលោភបំពាន ទាំងការឥតអៀនខ្មាស ទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយការឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី បានសន្យាផ្ដល់ជំនួយ រាប់ពាន់លានដុល្លារ សម្រាប់ស្បៀងអាហារ ហើយគាំទ្រដល់ការពង្រីកកៅអីរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍពិភពលោក។At UN, Biden says he's committed to preventing Iran from getting nuclear  arms | The Times of Israel

លោកប្រធានាធិបតី សហរដ្ឋអាមេរិក បានស្វែងរកការគាំទ្ររបស់ពិភពលោក នៅក្នុងសុន្ទរកថា អស់រយៈពេលជាច្រើនម៉ោង ថែ្លងទៅកាន់អង្គការសហប្រជាជាតិ ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្រេចចេញបញ្ជាឲ្យចល័តទ័ព ចំនួន ៣០០ ០០០នាក់ ទៅកាន់សមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះជាជំហានថ្មីមួយ ដែលមហាអំណាចបស្ចិមលោក (បច្ឆិមលោក) បង្ហាញពីក្ដីអស់សង្ឃឹម។

លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ដល់មហាសន្និបាត អង្គការសហប្រជាជាតិ ថា « រុស្ស៊ី បានរំលោភបំពាន លើគោលការណ៍ស្នូល នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយឥតអៀនខ្មាស។ ឥឡូវ យើងនិយាយឲ្យច្បាស់លាស់ គឺប្រទេសជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានឈ្លានពានទៅលើប្រទេសជិតខាងរបស់ខ្លួន ហើយកំពុងតែប៉ុនប៉ងលុបបំបាត់រដ្ឋអធិបតេយ្យ ចេញពីផែនទីរបស់ពិភពលោក»។

ក្រោយពេលប្រើប្រាស់ពាក្យសម្ដី វាយប្រហារខ្លាំងៗ ទៅលើប្រទេសរុស្ស៊ី រួចមក លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ដោតសុន្ទរកថារបស់គាត់ ទៅលើផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍ ដោយមានការអាក់ខាន អស់រយៈពេលជាច្រើនត្រីមាស ជុំវិញការចំណាយដ៏ច្រើនលើសលប់របស់ប្រទេសលោកខាងលិច ទៅលើគ្រឿងសព្វាវុធ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។US Warns Putin Falling for His Own Rhetoric

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស ពីកញ្ចប់ថវិកា មានទឹកប្រាក់ទំហំ ២,៩ពាន់លានដុល្លារ សម្រាប់មូលនិធិមួយ ដោយសំដៅទៅលើបញ្ហាអសន្ដិសុខស្បៀងអាហាររបស់ពិភពលោក។ បញ្ហានេះ បានធ្លាក់ទៅក្នុងស្ថានភាព កាន់តែអាក្រក់ឡើង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដែលអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយ នៅលើពិភពលោក។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ ថា សហរដ្ឋអាមេរិក នឹងគាំទ្រដល់កៅអីអចិន្រ្ដៃ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ សម្រាប់ទ្វីបអាហ្វ្រិក អាមេរិកឡាទីន ដោយរួមជាមួយនឹងគំនិតផ្ដួចផ្ដើមពីមុនរបស់ក្រុងវ៉ាស៊ីនតោន ជួយផ្ដល់កៅអីនេះ ដល់ប្រទេសជប៉ុន និង ឥណ្ឌា។ មួយវិញទៀត លោក ប្រធានាធិបតី ក៏បានសន្យាថា សហរដ្ឋអាមេរិក នឹង«បដិសេធការប្រើប្រាស់សិទ្ធិវេតូ លើកលែងតែ នៅក្នុងស្ថានភាពដ៏កម្រ និង វិសាមញ្ញ ដើម្បីធានាថា ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ នៅតែអាចជឿទុកចិត្តបាន និង មានប្រសិទ្ធភាព»៕