ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលទិញរថយន្ដតគ្នា សូមមេត្តាពិនិត្យឲ្យច្បាស់លាស់ លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះជាមុន ជៀសវាងក្លាយខ្លួនជាជនរងគ្រោះ ដោយសារជាប់ពិន័យ និងត្រូវពន្ធដែលម្ចាស់រថយន្ដដើម ពុំបានបំពេញកតព្វកិច្ច។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីពន្ធដារកម្ពុជាស្ដីពី «ការយល់ដឹងអំពីពន្ធដា» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់ថា«មុននឹងទិញរថយន្ដតពីគ្នា សូមមេត្តាពិនិត្យឲ្យបានម៉ត់ចត់ជាមុនសិន លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះ ជៀសវាងក្លាយជាជនរងគ្រោះ ជាប់ពន្ធបន្ដពីម្ចាស់រថយន្ដចាស់។ កន្លងមកអគ្គនាយកពន្ធដារ ធ្លាប់ជួបនូវបញ្ហាជាច្រើនករណី ប៉ុន្ដែក្នុងករណីអគ្គនាយកដ្ឋានពន្ធដារ តែងតែផ្ដល់នូវការអនុគ្រោះបន្ធូរបន្ថយជាច្រើន ឬតម្រូវឲ្យបង់តែពន្ធសុទ្ធ ដោយមិនទទួលរងការផាកពិន័យជាដើម»។

លោកបានបញ្ជាក់ថា មានម្ចាស់រថយន្ដចាស់មួយចំនួន មិនបានបំពេញកតព្វកិច្ចបង់ពន្ធពន្ធផ្លូវនោះទេ អ្នកខ្លះមិនបានបង់ពន្ធរហូដល់៥ឆ្នាំក៏មាន ហើយបានដាក់លក់រថយន្ដរបស់ខ្លួនលើទីផ្សារ។ ដូច្នេះអ្នកដែលទិញរថយន្ដត គឺទទួលរងការផាកពិន័យ និងជាប់ពន្ធ ដូច្នេះសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តទិញរថយន្ដតគ្នាបែបនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានរំលឹកដល់ម្ចាស់យានយន្ត សូមរួសរាល់មកបំពេញកាតព្វកិច្ចបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ដែលត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

លោក គង់ វិបុល បានបន្ថែមថា ដើម្បីងាយស្រួលដល់ម្ចាស់យានយន្តអាចបង់ពន្ធ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។

ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ តាមរយៈកម្មវិធី «GDT Taxpayer App» ម្ចាស់យានយន្ត មិនចាំបាច់រាប់លុយ, មិនចាំបាច់ធ្វើដំណើរ និងមិនចាំបាច់រង់ចាំ ហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង។

ពាក់ព័ន្ធការបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូន តាមរយៈ GDT Taxpayer App នេះ អគ្គនាយកដ្ឋានពន្ធដារទទួលបានកោតសរសើរយ៉ាងខ្លាំង ពីអ្នកបង់ពន្ធ ដោយរង់ចាំតែរយៈពេលត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃ បុគ្គលិកពន្ធដារបានដឹកជញ្ជូនសន្លឹកក្រដាសពន្ធដល់ផ្ទះ ឬកន្លែងធ្វើការទៀតផង។ ដោយមានសេវាលឿន រហ័ស ហើយបុគ្គលិកមានសុជីវធម៌ទៀតផង៕