បរទេស៖ អតីតកណ្តាប់ដៃមិនស្គាល់ចាញ់របស់អាមេរិក ហ្វយ (Floyd Mayweather Jr) បានក្លាយជាប្រធានបទ និងល្បីល្បាញម្តងទៀតលើបណ្ដាញសង្គម ដោយលើកនេះមិនមែនល្បីអំពីការប្រកួតលើសង្វៀននោះទេ ប៉ុន្តែជារឿងចំណាយប្រាក់ទិញអីវ៉ាន់ទំនើបៗ និងម៉ាកល្បីៗលើពិភពលោក ដោយមិនខ្វល់ពីតម្លៃ។

អតីតជើងឯកពិភពលោក ៥ ឆ្នាំជនជាតិអាមេរិកលោក ហ្វយ(Floyd) អាយុ៤៥ ឆ្នាំដែលជាម្ចាស់កំណត់ត្រាឈ្នះ ៥០ ដងជាប់ៗគ្នា ហើយត្រូវបានគេទទួលស្គាល់ថាជា អត្តពលិកដែល រកចំណូលបានខ្ពស់បំផុត នៃទសវត្សរ៍ឆ្នាំ ២០១០ (រាប់តែចន្លោះឆ្នាំ ២០១០-២០១៩) ដែលរកបានរហូតដល់ ៩១៥ លានដុល្លារ ពី Forbes ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីនៅសហរដ្ឋអាមេរិក។

ក្នុងនោះផងដែរលោកត្រូវបានគេចាត់ទុកថាជាមនុស្សដែលចូលចិត្តរស់នៅក្នុងភាពប្រណីត ភាពហ៊ឺហារ រស់នៅលើគំនរប្រាក់រាប់លាន និងផ្ទះវិឡាស្កឹមស្កៃ  លើសពីនេះមានចំណង់ចំណូលចិត្តលើកាលរដើរទិញផលិតផលម៉ាកល្បីៗផងដែរ។

ទោះជាយ៉ាងណាថ្មីៗនេះលោក ហ្វយ(Floyd) ត្រូវបានគេហៅចូលរួមនៅក្នុងកម្មវិធីទៅប្រកួតនៅប្រទេសជប៉ុននៅចុងសប្តាហ៍នេះ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺជាការបង្ហោះរូបថតពេលលោកដើរទិញនាឡិកាដែលហ៊ុំព័ទ្ធដោយពេជ្រដ៏ប្រណិតនៅក្នុងទីក្រុងតូក្យូ។

ជាមួយគ្នានេះគេថែមទាំងបានយកសាច់ប្រាក់ចំនួនជាង ១០ លានដុល្លារ សម្រាប់ការដើរទិញឥវ៉ាន់នៅទីនោះផងដែរ។

លោក ហ្វយ(Floyd) នៅតែដើរតួជាអ្នកមានជាមួយនឹងស្ទីលនៃការដើរទិញឥវ៉ាន់ក្នុងផ្សារទំនើប ដែលអ្នកដែលធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ព្រោះតែការចំណាយទិញអីវ៉ាន់ដោយរបស់គេមិនដែលយកចិត្តទុកដាក់លើតម្លៃនោះទេ។

គួររំលឹកថាកាលពីកន្លងមកជើងឯកកីឡាប្រដាល់ពិភពលោកហ្វយ(Floyd) ក៏ធ្លាប់បានធ្វើដំណើរទៅទីក្រុងឌូបៃ ដោយគេបានជះលុយទិញនូវផលិតផលម៉ាកយីហោគ្រប់ប្រភេទ រហូតត្រូវយករថយន្តទំណើបរបស់ខ្លួនទៅដឹកចេញពីផ្សារទំនើបឌូបៃ ដោយសារតែច្រើនមិនអាចកាន់ដោយដៃបាន ខណៈមានគេអះអាងថាលោក ហ្វយ(Floyd) ចង់ទិញអីវ៉ាន់ប្រណិតៗនៅក្នុងផ្សារទំនើបនៃទីក្រុងឌូបៃទាំងអស់៕ ប្រភព៖ Sanook