ទីក្រុងតៃប៉ិ៖ ថ្វីបើទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានមកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា នោះក្ដី ប៉ុន្ដែឥឡូវ ប្រទេសមហាអំណាចកំពូលមួយនេះ បានបបួលកាណាដា បញ្ជូននាវាចម្បាំងរបស់ពួកគេ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយសកម្មភាពយោធារបស់បស្ចិមលោកទាំង២ប្រទេសនេះ រឹតតែធ្វើឲ្យចិន កាន់តែផ្ទុះការខឹងសម្បាបន្ថែមទៀត។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និង កាណាដា បានធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ។ សកម្មភាពយោធារបស់ប្រទេសលោកខាងលិចទាំង២នេះ បានកើតឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានផ្ដល់បទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញទូរទស្សន៍ CBS រយៈពេល៦០នាទី ហើយបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យមុន ថា កងទ័ពសហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើដែនកោះគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។

លោក ម៉ាក ឡាងហ្វដ (Mark Langford) អ្នកនាំពាក្យ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាដ ប្រភេទ USS Higgins បំពាក់មីស៊ីលនាំផ្លូវ ប្រភេទ Burke-class និង នាវាចម្បាំងរបស់កាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ នេះជាការធ្វើប្រតិបត្តិការយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងការការពារសន្តិសុខ និង វិបុលភាព នៅក្នុងតំបន់។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួន រួមជាមួយនឹងនាវាចម្បាំង មកពីបណ្ដាប្រទេស ជាសម្ពន្ធមិត្ត ដូចជា ចក្រភពអង់គ្លេស និង កាណាដា តែងតែធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមប្រតិបត្តិការ ការពារសេរីភាព ធ្វើនាវាចរណ៍តាមទម្លាប់ នៅក្នុងដែនទឹកអន្តរជាតិ។ ដោយឡែក ចិនដែលតែងតែចាត់ទុកកោះតៃវ៉ាន់ ជាដែនដីមួយផ្នែករបស់ខ្លួននោះ ក៏តែងតែខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត៕

Readout of President Biden's Meeting with Prime Minister Trudeau of Canada - U.S. Mission to the Organization of American States