មីយ៉ាន់ម៉ា៖ ក្លាយជាសោកនាដកម្មក្រោយពីមានសេចក្ដីរាយការណ៍មួយបានបង្ហាញពីការស្លាប់របស់កុមារជាច្រើននាក់ត្រូវបានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួនក្រោយពីមានការវាយប្រហារតាមឧទ្ធម្ភាគច្ររបស់កងទ័ពយោធានៅមីយ៉ាន់ម៉ា។

ទាក់ទងនឹងហេតុការណ៍ដ៏អាក្រក់នេះផងដែរ ដោយកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ប្រភពពីអង្គកាយូនីសេហ្វ (Unicef) បានបង្ហាញថា កាលពីថ្ងៃសុក្រ ទី១៦ កន្លងទៅមានទាហាន និង ឧទ្ធម្ភាគចក្រប្រដាប់អាវុធរបស់កងទ័ពមីយ៉ាន់ម៉ា បានបាញ់មកលើសាលាកុមារមួយកន្លែង ក្នុងភូមិ Let Yet Kone ក្នុងស្រុក Sakai ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។

ក្នុងនោះបានបង្កឱ្យកុមារ យ៉ាងហោចណាស់ ១១ នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ក្មេងជំទង់ត្រូវបានស្លាប់ និង ១៥ នាក់ផ្សេងទៀតបានបាត់ខ្លួន។

ជាមួយគ្នានោះផងដែរកងទ័ពមីយ៉ាន់ម៉ាបាននិយាយដូច្នេះថា ពួកគេបានវាយប្រហារពួកឧទ្ទាមដែលប្រើសាលារៀនជាកន្លែងលាក់ខ្លួនតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាអង្គកាយូនីសេហ្វ (Unicef)  បានចោទប្រកាន់ថាកុមារទាំងនោះបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយមិនរើសមុខ ហើយបានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាដោះលែងកុមារដែលបាត់ខ្លួនទាំង១៥នាក់ជាបន្ទាន់ ព្រោះកុមារមិនគួរត្រូវរងការវាយប្រហារឡើយ។

គួររំលឹកផងដែរថាមនុស្សជាង ១,៥០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំមុន ដោយមានការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅឆ្នាំនេះ។ រហូតដល់អ្នកវិភាគនយោបាយជឿថាមានសង្គ្រាមស៊ីវិល ដោយរបបយោធាបានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងនៅក្នុងតំបន់ដែលមានពួកសកម្មប្រយុទ្ធកម្លាំងការពារប្រជាជន (PDF) សកម្ម៕ ប្រភព៖ Thairath