ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន៣៣៧,៧០លានដុល្លារអាមេរិក ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានភាគីចម្រុះ គឺភាគីកម្ពុជា និងអង្គការសហ ប្រជាជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងនេះ មានការចំណាយរបស់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមចំនួន៩៨,៦លានដុល្លារ និងភាគីអន្តរជាតិចំណាយអស់ថវិកាចំនួន ២៣៩លានដុល្លារ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា ម្ចាស់ជំនួយលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងរយៈពេល១៦ឆ្នាំមកនេះ គឺមានសរុបទាំងអស់មានចំនួន៣៩ប្រទេស ដែលក្នុងនោះ ក៏មានទាំងក្រុមហ៊ុនឯកជនផងដែរ។ ក្នុងចំណោមម្ចាស់ជំនួយទាំងនោះ គឺប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេ ដែលបានផ្តល់ថវិកាវិភាគទានរហូតដល់៨៨,២៦ លានដុល្លារ ស្មើនឹង៣១ភាគ រយ នៃការចំណាយសរុបរបស់តុលាការ ខណៈម្ចាស់ជំនួយធំទី២ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិភាគ ទានថវិកា និងសម្ភារសរុបជាទឹកប្រាក់ចំនួន៤៥,៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៤ភាគរយ ។ បន្ទាប់មកទៀត មានប្រទេសអូស្ត្រាលី ចំនួនទឹកប្រាក់៣៥ លានដុល្លារអាមេរិក, សហរដ្ឋ អាមេរិកចំនួន៣២លានដុល្លារ, សហភាពអឺរ៉ុបចំនួន៣២លានដុល្លារ, អាល្លឺម៉ង់ចំនួន១៤លានដុល្លារ, ស៊ុយអែតចំនួន ១៤លានដុល្លារ, អង់គ្លេសចំនួន១៣លានដុល្លារ, និងបារាំងចំនួន១០លានដុល្លារ។ ជាមួយគ្នានេះ ក៏មានបណ្តាប្រទេសផ្សេងៗទៀតផងដែរ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើង ក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហ ប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩៕