៤ប្រទេសក្នុងចំណោម៥ប្រទេសនៃសហភាពអឺរ៉ុប (EU) ដែលមានព្រំប្រទល់ជាប់រុស្ស៊ី បានបិទទ្វារមិ​នទទួលភ្ញៀវទេសចររុស្ស៊ីចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ខែកញ្ញា ដោយនិយាយថា ពួកគេមិនគួរ​ធ្វើដំណើរខណៈពេលដែលប្រទេសរបស់ពួកគេកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែននោះឡើយ។ យ៉ាងណាមិញ បណ្ដាប្រទេសក្នុង EU មួយចំនួននៅតែមើលឃើញថា ការដាក់សម្ពាធ​នេះ​មិន​មាន​ប្រសិទ្ធភាពនោះឡើយ។

ប៉ូឡូញ, អេស្តូនី, ឡេតូនី និងលីទុយអានី បានដាក់ការរឹតបន្តឹងថ្មីសម្រាប់ភ្ញៀវទេសចររុស្ស៊ីដែលមា​ន​បំណងធ្វើដំណើរកម្សាន្តនៅប្រទេសខ្លួន។
«ប្រជាជន​រុស្ស៊ី សូមអ្នកកុំ​ព្យាយាម​ឆ្លង​កាត់​ព្រំដែន។ អ្នក​មិន​ស្វាគមន៍​មក​ទី​នេះ​ទេ អ្នក​ត្រូវ​បញ្ចប់​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន ហើយ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ដ៏​ស្រស់​ស្អាត​នោះ!»។ រដ្ឋ​មន្ត្រី​ការ​បរទេស​ឡេតូនី​លោក Edgar Rinkevics បានបង្ហោះសារលើបណ្ដាញសង្គម Twitter បែបនេះ។

ការហាមប្រាមចូលប្រទេសនៅថ្ងៃទី១៩ ខែកញ្ញានេះ គឺសម្រាប់ភ្ញៀវទេសចរតែមិនរាប់បញ្ចូល​អ្នក​ប្រឆាំងរុស្ស៊ីដែលកំពុងស្វែងរកការជ្រកកោននៅក្នុង EU នោះឡើយ។ អ្នកបើកបរឡានដឹកទំនិញ ជន​ភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍នៅ EU ក៏ដូចជាសមាជិកគ្រួសារដែលទៅលេងផងដែ​រ​នោះមិ​ន​ស្ថិតក្រោមការហាមប្រាមនេះឡើ់យ។

សម្រាប់អេស្តូនី តិចជាងមួយភាគដប់នៃប្រជាជនរុស្ស៊ីឬប្រហែល៤ពាន់នាក់ដែលចូលប្រទេសនេះ​ជា​រៀងរាល់ថ្ងៃ កំពុងបាត់បង់សិទ្ធិក្រោមច្បាប់ថ្មីនេះ។ ចំណាត់ការនេះ ជាការដាក់ទណ្ឌកម្មមួយទៀត​ដែល​ធ្វើឡើងដោយ EU ជារួម ឬ​ប្រទេស​ជា​សមាជិ​ក​ចាប់​តាំងពីទីក្រុងមូស្គូបានលុកលុយ​អ៊ុយក្រែន​កាល​ពីថ្ងៃទី២៤ ខែកុម្ភៈ។

កន្លងមក EU បានហាមឃាត់រាល់ជើងហោះហើរពីរុស្ស៊ីដោយទុកតែបណ្តាញដឹកជញ្ជូនផ្លូវដែក និង​ផ្លូវ​ថ្នល់ប៉ុណ្ណោះ ហើយក្នុងខែនេះ រដ្ឋសមាជិក EU បានយល់ព្រមគ្នាកំណត់ការ​ចេញ​ទិដ្ឋាការ​សម្រាប់​តំបន់ Schengen ថែមទៀត។

យ៉ាងណាមិញ វិធានការប្រឆាំងជនស៊ីវិល មិនមានការយល់ស្របក្នុងចំណោមសមាជិក EU ទាំងអស់ឡើយ។ ទីក្រុងប៊ែរឡាំង និងប៉ារីសបានអះអាងថា វិធានការហាមឃាត់ជនជាតិរុស្សីស៊ីវិល គ្មានបានផលប្រយោជន៍ឡើយ ហើយផ្ទុយទៅវិញ វិធានាការនេះអាចនឹងប៉ះពាល់ដល់ EU ក៏ដូចជាជនស៊ីវិល​ដែល​មិនបានពាក់ព័ន្ធជាមួយនឹងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន​ ៕