អាមេរិក៖ Angelina Jolie ដែលជាតារាសម្តែងលេចធ្លោមួយរូបនៅក្នុងជួរហូលីវូដ និងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ត្រូវបានរាយការណ៍មកថា នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះ ដើម្បីសួរសុខទុក្ខប្រជាជនដែលរងគ្រោះដោយសារតែទឹកជំនន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បានរងគ្រោះដោយសារការវាយប្រហារដោយខ្យល់មូសុងដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក និងធ្វើឲ្យមនុស្សជិត៣០លាននាក់ផ្លាស់ទីលំនៅទៅកាន់តំបន់មានសុវត្ថិភាព។ តែយ៉ាងណា ជុំវិញគម្រោងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននេះ លោកស្រី Jolie ខ្លួនឯងមិនទាន់ប្រកាសនោះទេ តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កំពុងស្នើសុំទិដ្ឋាការនៅឡើយ។

គួរជម្រាបថា កាលពីដើមឆ្នាំ២០១០ តារាសម្តែងល្បីឈ្មោះ Angelina Jolie បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន ចំពេលមានទឹកជំនន់ដ៏ធំ ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញតំបន់ផ្សេងៗនៃប្រទេសនេះ។ បច្ចុប្បន្នតារាល្បីៗរបស់ប្រទេសប៉ាគីស្ថាន កំពុងធ្វើការប្រមូលមូលនិធិ ដើម្បីផ្តល់អំណោយជួយជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសរបស់ខ្លួន​ ៕