អន្តរជាតិ៖ បុគ្គលិកជនជាតិវៀតណាមជាង៥០នាក់ បានបបួលគ្នារត់សម្រុកយ៉ាងប្រសេចប្រសាច ចេញពីកាស៊ីណូ១កន្លែង ដែលពួកគេបម្រើការងារ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ វីដេអូ ដែលបង្ហាញពីទិដ្ឋភាពនៃការរត់ចេញរបស់ជនជាតិវៀតណាមទាំងនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានផ្សព្វផ្សាយលើសារព័ត៌មានមួយចំនួនរបស់វៀតណាមផងដែរ។

សារព័ត៌មាន វី អ៊ិន អិក្សប្រេស (VN Express) របស់វៀតណាម បានស្រង់សម្តីរបស់មន្រ្តីខេត្តតាយនិញនៃប្រទេសវៀតណាម ទៅចុះផ្សាយថា ក្រោយជនជាតិវៀតណាមជាង៥០នាក់នោះ រត់ចេញផុតពីកាស៊ីណូ ពួកគេ នាំគ្នាធ្វើដំណើរឆ្ពោះទៅច្រកទ្វារព្រំដែន ម៉ុក ប៉ៃ (Moc Bai) ដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីកាស៊ីណូ (ដោយទិសដៅរបស់ពួកគេ គឺចូលទៅវៀតណាមវិញ) ប៉ុន្តែ ត្រូវអាជ្ញាធរកម្ពុជា ចាប់បាន និងនាំទៅស៊ើបសួរ។

«ខេត្តតាយនិញរបស់វៀតណាម បានបញ្ជូនអាជ្ញាធរ ទៅសហកាការជាមួយអាជ្ញាធរកម្ពុជា ដើម្បីការពារប្រជាពលរដ្ឋវៀតណាមទាំងនោះ និងដើម្បីបញ្ជាក់ឲ្យច្បាស់ពីករណីនេះ»។ នេះជាសម្តីរបស់មន្រ្តីនៃខេត្តតាយនិញរូបនោះ។ ផ្អែកតាមមន្រ្តីនៃខេត្តតាយនិញដដែល ការដែលជនជាតិវៀតណាម នាំគ្នារត់ចេញពីកាស៊ីណូ គឺដោយសារភាពមិនចុះសម្រុងនៃការងារ។

បុរសវៀតណាម្នាក់ ក្នុងចំណោមជនជាតិវៀតណាមជាង៥០នាក់ ដែលរត់ចេញពីកាស៊ីណូ និយាយថា គាត់ ត្រូវគេបោកឲ្យចូលទៅធ្វើការក្នុងកាស៊ីណូនោះអស់រយៈពេល៣ខែមកហើយ។ គាត់ បន្តថា គាត់ និងអ្នកផ្សេងទៀត ត្រូវបង្ខំឲ្យធ្វើការជាមួយកំព្យូទ័រដល់១២ម៉ោងក្នុង១ថ្ងៃ នៅជាន់ទី៨នៃអគារកាស៊ីណូ ហើយពុំត្រូវបានអនុញាតឲ្យចេញក្រៅឡើយ។ គាត់ បន្ថែមថា បន្ទាប់មក ក៏មានបុគ្គលិក បានលួចពិភាក្សាគ្នាអំពីផែនការនៃការរត់ចេញ ដើម្បីស្វែងការជួយ។ សម្តីរបស់គាត់ ត្រូវបានស្រង់ដោយសារព័ត៌មាន វី អ៊ិន អ៊ិក្សប្រេស។

តាមរយៈវីដេអូខ្លីនោះ គេ ឃើញជនជាតិវៀតណាម រត់ចេញពីកាស៊ីណូ ស្របពេលដែលមេឃកំពុងភ្លៀងខ្លាំង។ មានអ្នកខ្លះដួល ពេលកំពុងរត់ ហើយត្រូវក្រុមមនុស្សស្លៀកពាក់ឈុតខ្មៅ ដែលទំនងជាអ្នកយាមនៅកាស៊ីណូ ចាប់យកទៅវិញ។

ទិដ្ឋភាពនៃការត់ចេញពីកាស៊ីណូនៅក្រុងបាវិតនេះ ស្ទើរតែដូចទាំងស្រុងទៅនឹងទិដ្ឋភាពនៃការរត់ចេញពីកាស៊ីណូ១កន្លែង នៅស្រុកកោះធំ ខេត្តកណ្តាល កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ មានបុគ្គលិកវៀតណាម៤០នាក់ បានរត់គេចចេញពីកាស៊ីណូក្នុងស្រុកកោះធំ ហើយពួកគេ បាននាំគ្នាហែលឆ្លងទន្លេ ប៊ិញ គី (Binh Ghi) ចូលទៅវៀតណាម។ ក្នុងចំណោមពួកគេ មានម្នាក់បានស្លាប់ ដោយសារលង់ក្នុងទន្លេ។

ក្រោយបានរួចខ្លួនពីកាស៊ីណូក្នុងស្រុកកោះធំ ពួកគេមួយចំនួន អះអាងថា ពួកគេ ត្រូវបានបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរ ដោយគ្មានទទួលបានប្រាក់ខែ ទើបសម្រេចចិត្តនាំគ្នារត់គេចទៅវៀតណាម។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់អ្នកកាសែត ក្រោយចេញពីកិច្ចប្រជុំ១នាពេលកន្លងមកថា មនុស្សមួយចំនួន ដោយមានទាំងមេការផងដែរ ដែលពាក់ព័ន្ធនឹងករណីកាស៊ីណូក្នុងស្រុកកោះធំ ត្រូវបានឃាត់ខ្លួន។

សារព័ត៌មានវៀតណាមផ្លឹស (Vietnamplus) ផ្សាយនៅដើមខែកញ្ញា ឆ្នាំ២០២២នេះថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម បានសហការគ្នាជួយសង្គ្រោះពលករវៀតណាមជាង៦០០នាក់ ឲ្យបានវិលត្រឡប់ទៅវៀតណាមវិញ។ សារព័ត៌មានវៀតណាម១នេះ បានឲ្យដឹងថា ពលករវៀតណាមជាង៦០០នាក់នោះ ត្រូវគេលួងលោម និងបោកបញ្ឆោតឲ្យចូលមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ៕