ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះយោងតាមការបង្ហោះរបស់លោកជំទាវទាង អេង ភរិយារបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះនៅលើទំព័រហ្វេសបុក ឲ្យដឹងពីឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះនៅក្នុង​ខេត្ត​សៀមរាប។ លោកជំទាវបានរៀបរាប់ថា៖

«កុំច្រឡំថានៅស្រុកក្រៅ ពុកម៉ែ បងប្អូន នេះជាឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះហើយ នៅក្នុង​ខេត្ត​សៀមរាបយើងហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ អមជាមួយប្រាសាទ​អង្គរ ។

ឧទ្យានមួយនេះបង្កើតឡើងដោយ Angkor Wildlife and Aquarium អាងចិញ្ចឹមត្រី និងអាណាចក្រអង្គរ សួនសត្វ នឹងត្រូវសាងសង់លើផ្ទៃដីជាង ១០០ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៧០ លានដុល្លារអាមេរិក។ ខ្ញុំមិននឹកស្មានថាប្រទេសខ្មែរយើងឥឡូវជឿនលឿនមិនចាញ់ស្រុកគេទេ អ្វីៗក៏មានហើយទំនើបទៀត សំខាន់នោះគឺមាន សន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែង ល្បឿននៃការអភិវឌ្ឍនលឿនហួសពីការរំពឹងទុកទៅទៀត ។

ខ្ញុំបានដើរមើលនៅក្នុងឧទ្យានមួយនេះ គឺមានចំណុចពិសេសច្រើន មួយគឺខ្ញុំមិនធ្លាប់បានឃើញត្រីទឹកសាបដែលរស់នៅក្នុងទន្លេមេគង្គ ដែលមានរូបរាងប្លែកធំគឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញ ទីពីរមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់ ។ ខ្ញុំគិតថាយើងគួរយកកូនៗមកលេងម្តង ហើយឲ្យពួកគាត់បានស្គាល់ថានេះជាត្រីកម្ររបស់ខ្មែរយើង ទីបីកន្លែងនេះនាំមកនូវការអប់រំសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប ។
បើរៀបរាប់មិនអស់ទេ ដូច្នេះសូមបងប្អូនអញ្ជើញមក ទស្សនា​ដោយផ្ទាល់វិញល្អជាង សូមអរគុណ ដល់បងប្រុស និងបងស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមគ្រួសារមកលេងនៅ Aquarium ហើយទទួលបានភាពកក់ក្តៅយ៉ាងពេញលេញ សៀមរាប ផ្ទះខ្ញុំសៀមរាបធ្វើបាន ៕