ជនសង្ស័យម្នាក់ ក្នុងបទល្មើសរំលោភ សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ លើស្ត្រីម្នាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភ្នំព្រាល ភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ច ស្នងការខេត្តកំពត សហការស្រាវជ្រាវតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅចំណុច ភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យខាងលើមានឈ្មោះ ង៉ុក ច្រិល ភេទ ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំង គគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ។ ចំណែកជនរងគ្រោះឈ្មោះ ឆាលី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុ មានកូនប្រុសម្នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះជិះម៉ូតូទៅផ្លាស់ក្របី ដែលចងឲ្យសុីស្មៅនៅវាលស្រែ ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញ ហើយត្រូវបានប្តីរបស់ស្ត្រីរងគ្រោះ ដើរតំស្វែងរកតែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមគ្រួសារតាមស្វែងរកឃើញ សពជនរងគ្រោះ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះត្រូវបានជនដៃដល់ រំលោភ ហើយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ម៉ូតូ លុយកាក់ គ្រឿងអលង្កា គេចខ្លួនបាត់ ។

ជុំវិញករណីខាងលើ ត្រូវបានកម្លាំងស្នងការខេត្តកំពត កម្លាំងនគរបាលស្រុកឈូក និងស្រុកទឹកឈូ សហការស្រាវជ្រាវ ទីបំផុតចាប់ខ្លួនជនសង្ស័យបាន នៅចំណុច ភូមិទ្វារថ្មី ឃុំព្រៃ ថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន សមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕