ខេត្តបាត់ដំបង៖ នារីរូបស្រស់ម្នាក់បាត់ដំណឹងពីផ្ទះ៣ថ្ងៃ បែរជាប្រទះឃើញស.ពស្លា.ប់ក្នុងរថយន្ត មានសភាពហើមស្អុយរលួយ ខណៈអាជ្ញាធរដាក់ការសង្ស័យថា ជាករណីឃាតកម្ម។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចខាងក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាតដំបង។ សពជនរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកលក់អចលនទ្រព្យ ស្នាក់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ បើកបររថយន្តម៉ាកPruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។

តាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ណូ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធរបស់ខ្លួនបានប្រាប់ថា ទៅចូលរួមកម្មវិធីខួបកំណើគេ រួមជាមួយរថយន្តមួយគ្រឿង ប៉ុន្តែក៏បានបាត់ដំណឹងសូន្យឈឹងមិនឃើញត្រលប់មកផ្ទះវិញ ថែមទាំងទំនាក់ទំនងតាមទូរសព្ទមិនចូល ដោយមានការសង្ស័យ លោកក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីដាក់ពាក្សបណ្ដឹង។

លុះដល់ថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២២នេះ ស្រាប់តែទទួលបានដំណឹងប្រទះឃើញរថយន្តមួយគ្រឿងមានស្លាកលេខ ដូចនឹងរថយន្តរបស់លោក ត្រូវបានគេផ្លុងចោលនៅក្រុងបាត់ដំបង ព្រមទាំងមានសាកសពស្ត្រីម្នាក់ដេកស្លាប់ នៅផ្នែកខាងក្រោយនៃរថយន្ត ដោយមានសភាពស្អុយរលួយទើបលោកធ្វើដំណើរពីភ្នំពេញ ទៅកន្លែងកើតហេតុទើបដឹងថា ជាប្រពន្ធរបស់លោកតែម្ដង។

បើតាមប្តីជនរងគ្រោះបានបង្ហើបបន្តថា ករណីខាងលើអាចមានការពាក់ព័ន្ធជាមួយបុរសក្រុមការងារទិញលក់អចលនវត្ថុជាមួយប្រពន្ធគាត់ ព្រោះធ្លាប់មានទំនាក់ទំនង ហើយបានបាត់ខ្លួនទាំង ២នាក់តែម្តង។

យ៉ាងណាមិញក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានដាក់ការសង្ស័យជំហានដំបូងថា ជាករណីឃាតកម្ម ដោយសំអាងលើស្លាកស្នាមរបួសត្រង់ចំណុច(ក)របស់ជនរងគ្រោះ ព្រមទាំងបាត់បង់សម្ភារមានតម្លៃមួយចំនួនទៀត។ ឃាតកម្មខាងលើនេះ សមត្ថកិច្ច បាននឹងកំពុងបើកប្រតិបត្តិការស៊ើបអង្គេតតាមជំនាញរបស់ខ្លួន ខណៈសាកសពជនរងគ្រោះត្រូវបានមន្ត្រីជំនាញសម្រេចប្រគល់ឲ្យសាច់ញាតិយកទៅបូជានៅវត្តទួលតាឯក ៕