ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកនាយកសាលាសេរីភាព ក្រុងតាខ្មៅ លោក ម៉ម សុធានី ដែលបានប្រើអំពើហិង្សាលើសិស្សស្រីម្នាក់ត្រូវបានចែកចាយលើបណ្ដាញសង្គមបង្កការភ្ញាក់ផ្អើលនោះបានសម្រេចបង្ហោះសារមួយដោយលោកមានបំណងចង់ឲ្យរឿងរ៉ាវទាំងអម្បាលម៉ានមានការបញ្ចាប់ដោយសន្ដិវិធី។

ជាងស្ដែងលោកនាយកសាលាបានរៀបរាប់យ៉ាងដូច្នេះថា៖ «គ្មានអ្វីដែលលំបាកជាងការអប់រំ និងដឹកនាំមនុស្សនោះឡើយ។ ទោះត្រូវលំបាក និងវេទនាយ៉ាងណាក៏មិនអាចបោះបង់នោះឡើយ។ សូមលោកនាយកបន្តបេសកកម្មប្រកបដោយស្មារតីមោះមុតអប់រំកុលបុត្រ កុលធីតាខ្មែរ បានលុះក្នុងគន្លងធម៌ និងពុទ្ធិ។

សូមលោកគ្រូ អ្នកគ្រូ បន្តស្មារតីស្រឡាញ់វិជ្ជាជីវៈ ក្រមសីលធម៌ជាគ្រូ គោរពគោលការណ៍គរុកោសល។ សង្ឃឹមថាលោកគ្រូ អ្នកគ្រូបន្តឆន្ទៈដ៏មុតមាំក្នុងការបណ្តុះបណ្តាល ផ្ទេរចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ។ ខ្ញុំគោរពស្រឡាញ់លោកគ្រូ អ្នកគ្រូ ដឹងគុណគ្រូគ្រប់រូប។ មានពលីកម្មរបស់គ្រូ ទើបសង្គមកម្ពុជាចិញ្ចែងចិញ្ចាច។

សូមគោរពឯកឧត្តមលោកជំទាវ លោកអ្នកអាណាព្យាបាលទាំងអស់ បងៗសារព័ត៌មាន និងក្មួយៗកូនៗជាសិស្សានុសិស្សទាំងអស់ ខ្ញុំបាទ នាយកសាលា វិទ្យាល័យ ហ៊ុន សែន សេរីភាព សូមគោរពអាធ្យាស្រ័យ បញ្ចប់ការផ្សព្វផ្សាយជជែកវែកញែក លើបណ្ដាញសង្គមបន្តទៀត កូនៗខ្ញុំដឹងខុសហើយ កូនៗខ្ញុំបច្ចុប្បន្នបានខិតខំរៀនដើម្បីភាពជោគជ័យនៅថ្ងៃខាងមុខ។

អាស្រ័យហេតុ សូមបងៗសារព័ត៌មាន លោកអ្នកអាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយសហការ ដើម្បីរក្សាបានបរិយាកាសល្អនិងកុំអោយប៉ះពាល់ដល់ការតាំងចិត្តរបស់កូនៗទាំងអស់។ ដោយការគោរពពីខ្ញុំបាទ ម៉ម សុធានី» ៕