សៀមរាប៖ ប្រាសាទអង្គរវត្តអាចត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារមនុស្សទៅតាំងទីលំនៅខុសច្បាប់ ដែលធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិរបស់វា និងមិនបានអនុវត្តន៍ តាមកាតព្វកិច្ចតម្រូវដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១៣ កញ្ញា នេះ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ បញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើមិនដោះស្រាយ ប្រាសាទអង្គរវត្តអាចត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា និងមិនបានអនុវត្តន៍ តាមកាតព្វកិច្ចតម្រូវដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

សម្ដេច ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនដោះស្រាយបញ្ហាទាំងអស់នេះទេ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នឹងខាតបង់ ដោយអង្គរវត្តរបស់កម្ពុជា អាចបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ដែលគេត្រូវបណ្ដេញចេញ ដោយសារមនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬក៏កន្លែងដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនតម្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស។

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាម៉េរិក។ តំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នេះមានផ្ទៃដី ៤០១ គីឡូម៉ែត្រក្រឡាដែលជាផ្ទៃដីត្រូវរក្សាការពារដាច់ខាតដោយចែកចេញជាបីតំបន់ធំៗ ៕