ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនាគមួយកន្លែងក្នុងស្រុកកំចាយមា ខេត្តព្រៃវែង បានចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមឱ្យទទួលបានទិន្នផលល្អ ខណៈពូជបង្កងនាគនៅពេលបច្ចុប្បន្ន កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃល្អ។

លោកចន បូរ៉ា ម្ចាស់កសិដ្ឋានចិញ្ឋឹមបង្កងនាគស្រុកកំចាយមា បានលើកឡើងថា “លោកបានចាប់យកមុខរបរវារីវប្បកម្មផ្នែកខាងចិញ្ចឹមបង្កងនាគនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបំពេញតម្រូវការទីផ្សារបង្កងនាគនាពេលបច្ចុប្បន្ន។”

លោកបានបន្តទៀតថា “ពូជបង្កងដែលលោកចិញ្ចឹម គឺលោកបានទិញពូជ នៅក្នុងស្រុកយកមកបង្កាត់ ដោយខ្លួនឯងផ្ទាល់ ហើយសម្រាប់ជំនាញក៏ដូចជាបច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះ គឺលោកបាន សិក្សារៀនសូត្រ និងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ជាពិសេសបានពិភាក្សាជាមួយអ្នកជំនាញ ដែលជាអ្នកមានបទពិសោធន៍ និងជោគជ័យក្នុងការចិញ្ចឹមពូជបង្កងនាគ។”

ម្ចាស់កសិដ្ឋានរូបនេះក៏បានបន្តថា “សម្រាប់ការចិញ្ចឹមបង្កងនាគនេះដែរ វាមិនសូវជាមានផលលំបាកអ្វីច្រើនទេ ជាពិសេស វាងាយស្រួលក្នុងការរកចំណី ដោយសារតែបង្កងនាគនេះគឺវាស៊ី ពោតស្ងោរ ល្ពៅស្ងោរ សណ្ដែកស្ងោរ សណ្ដែកបណ្ដុះ និងប្រភេទសាច់អ្វីក៏វាស៊ីបានដែរ ។លោកបានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់សាកល្បងចិញ្ចឹមបង្កងនាគគួរតែសិក្សាពីបច្ចេកទេសជាមុនសិន ទើបមិនខាតបង់ថវិកា។”

ខាងក្រោមនេះជាបទពិសោធន៍ខ្លះរបស់លោក ចន បូរ៉ា ដើម្បីចែកជូនបងប្អួន៖

  • យើងត្រូវរើសប្រភេទ ពូជបង្កងដែលយើងចង់ចិញ្ចឹម
  • អាចសាកល្បងចិញ្ចឹមក្នុងតង់ ឬអាងទឹកថ្ម ដោយឱ្យស៊ីពោត សណ្ដែក ល្ពៅ ដែលស្ងោរហើយ ជាចំណីអាហារ
  • សម្រាប់ការប្ដូរទឹកបើសិនជាយើងមើលឃើញថា ទឹកនោះល្អក់ខ្លាំង ឬ មានក្លិនស្អុយ ចាំយើងលាងសម្អាតដូរទឹកចេញ
  • ក្រោយពីការចិញ្ចឹមរយៈពេល៣ទៅ៤ខែ ទើបយើង អាចប្រមូលផលបង្កងសាច់បាន ដែលមានទម្ងន់ប្រមាណជា១០ទៅ១៥ក្បាលក្នុងមួយគីឡូក្រាម

លោកបានសង្កត់ធ្ងន់ថា  សម្រាប់ការចិញ្ចឹមបង្កងមួយយើង ផ្ដោតសំខាន់ទៅលើទឹក កាលណាដែលយើងរៀបចំទឹក ត្រូវយើងក៏ងាយស្រួលក្នុងការចិញ្ចឹមដែរ ហើយសម្រាប់បង្កងនេះទៀតសោតវាមិនរើសទឹកទេ ទឹកអីក៏ចិញ្ចឹម បានដែរទឹកអណ្ដូង ទឹករដ្ឋ ទឹកស្រះក៏ ចិញ្ចឹមបានដែរ៕

ប្រភព: ក្រសួងព័ត៌មាន