អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ ឯកឧត្តម វ៉ាត់ ចំរើនបានឲ្យដឹងថាៈសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម បានឧបត្ថម្ភទាំងស្រុងដល់កម្ពុជា សម្រាប់ដំណើរការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក (E-Sports) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម។​ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា កីឡា E-Sports វៀតណាម បានជួយឧបត្ថម្ភទាំងស្រុង ដល់ការរៀបចំ ការប្រកួត ដោយមានការតុបតែង ឧបត្ថម្ភទាំង Software, Hardware,ធនធានមនុស្ស ទាំងអាជ្ញាកណ្ដាល និងចៅក្រមទាំងអស់ ជូនមកកម្ពុជា។

ជុំវិញការចុះ MOU នេះដែរ ដោយសារ CAMSOC មើលឃើញពីសក្ដានុពល និងគុណភាពរបស់ភាគី វៀតណាម មានន័យថា ការជ្រើសរើសដៃគូសហការ មិនមែនចេះតែជ្រើសរើសនោះទេ។ ជាក់ស្ដែងកាលពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កាលពីថ្មីៗនេះ វៀតណាម មិនត្រឹមទទួលបាន ជោគជ័យក្នុងការរៀបចំការប្រកួតនោះទេ ថែមទាំងទទួលបាននូវមេដាយមាសជាច្រើនគ្រឿងទៀតផង ព្រោះកីឡា E-Sports នៅវៀតណាម ត្រូវបានចាត់ទុកជាទស្សនីយភាពមួយ ដែលគេរៀបចំមាន លក្ខណៈ ស្ដង់ដារកម្រិតពិភពលោករួចមកហើយ។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណភាគីវៀតណាម ដែលបានចុះហត្ថលេខាលើ MOU នេះ ហើយក៏ជាសក្ខីភាពមួយថា ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គ្រប់ផ្នែកទាំងអស់ ត្រូវបានរៀបចំ និងរៀបរយ ហើយទទួលបាននូវភាពជឿជាក់ ក្នុងការធ្វើឲ្យស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងផ្នែកបច្ចេកទេស សម្រាប់ការរៀបចំ គឺមានភាពរឹងមាំ និងទទួលបាននូវស្ដង់ដារអន្ដរជាតិមួយ អាចទទួលយកបាន៕

ប្រភព: ក្រសួងព័ត៌មាន