រាជធានីភ្នំពេញ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងបានធ្វើឱ្យមហាជនរិះគន់ជាខ្លាំងទៅកាន់តារាចម្រៀងពន្លកថ្មីលោក ថុល សុភិទិ ក្នុងកម្មវិធី Cambodian Idol អំពីពាក្យសម្ដីដែលគេនិយាយមានការប៉ះពាល់ដល់ លោកស៊ឹម ច័ន្ទពន្លឺ​ ទាក់ទងនឹងកិត្តិយស ដោយលោក ភិទិ បានប្រាប់មហាជនថាលោក ស៊ឹម ច័ន្ទពន្លឺ ជាបុរសស្រឡាញ់ភេទដូចគ្នា​ដែលជាពាក្យសម្ដីមិនគួរលើកយកមកនិយាយប្រាប់មហាជន។

ប្រិយមិត្តអ្នកគាំទ្រ ច្បាស់ជាបានជ្រាបរួចមកហើយពីកម្មវិធី Cambodian Idol ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា យប់មិញនេះ ក្នុងនោះក៏មានវត្តមានរបស់ម្ចាស់ពាន លឹមតិតម៉េង និង ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ​ និងនាង ដាវីន ដោយអ្នកទាំងបួនបានមកជួបជុំគ្នានៅលើឆាក ក៏ដូចជាបានសំណេះសំណាលជាមួយមហាជនអ្នកទស្សនាយ៉ាងរីករាយបំផុត។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងការជជេកលេងកម្សាន្តនោះផងដែរ ស្រាប់តែតារាចម្រៀងលោក ថុល សុភិទិ បានធ្លោយមាត់និយាយលេងថា លោកស៊ឹម ច័ន្ទពន្លឺ ជាមនុស្សស្រឡាញ់ភេទដូចគ្នានៅចំពោះមុខមហាជនជាច្រើននាក់។

ការនិយាយលេងសើចបែបនេះបានធ្វើឱ្យមហាជនជាច្រើននាក់បានសម្ដែងការមិនពេញចិត្តចំពោះពាក្យសម្ដីដែលវាអាចប៉ះពាល់ដល់កិត្តយសរបស់លោកស៊ឹម ច័ន្ទពន្លឺ នៅមុខមហាជនជាច្រើន។

លើសពីនេះក៏មានអ្នកគាំទ្រក្នុងបណ្ដាញសង្គមមួយរូប​បានបង្ហោះសារប្រតិកម្មយ៉ាងដូចច្នេះថា៖

” Dude u’re so disrespect (អ្នកមិនចេះគោរពគេ) យ៉ាងណាក៏មិនគួរលើកយកមកនិយាយទាំងកណ្តាលឆាកបែបនេះដែរ គាត់ស្រលាញ់អី គាត់ចង់បានអីវាជារឿងរបស់គាត់ទេ ហើយរឿងបែបនេះយើងក៏ពុំគួរនិយាយជំនួសសាមីខ្លួនគេដែរ”៕