ក្រោម​កិច្ច​សហការ​គ្នា​ជាមួយ M Picture, K Two River International និងស្រាបៀ ហនុមាណ លោក Jimmy Henderson បាន​ប្រកាស​ផែនការ​រឿង​ថ្មី​ ដែល​ចំណុច​គួរ​ចាប់​អារម្មណ៍ មាន​តួស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​មក​ពី​ជប៉ុន ក៏​ចូល​រួម​ថត​ជា​តួឯកដែរ។

កញ្ញា Hinano Kurosaki ស្រីស្អាតមួយរូបដែលជា Influencer ល្បីឈ្មោះនៅទីក្រុងតូក្យូប្រទេសជប៉ុន បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅក្នុងកម្មវិធីប្រកាសថតខ្សែភាពយន្តថ្មីដែលមានចំណងជើងថា KTV : Killing Time Violently ក្រោមស្នាដៃអ្នកដឹកនាំរឿងល្បីឈ្មោះ Jimmy Henderson ដែលធ្លាប់ល្បីល្បាញពីរឿង JAILBREAK និង The Prey។

កញ្ញា Hinano Kurosaki បានប្រាប់ឱ្យដឹងថា មូលហេតុដែលកញ្ញាអញ្ជើញចូលរួមថតខ្សែភាពយន្តនេះ ក៏ព្រោះតែកញ្ញាចង់បើកទំព័រអាជីពសម្ដែង និងចង់ប្រឡូកក្នុងការថតខ្សែភាពយន្តនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា រឿង KTV: Killing Time Violently គ្រោងចំណាយ ១៥ ម៉ឺនដុល្លារ នឹង​ចាប់ផ្តើម​បើក​កា​ម៉េ​រ៉ា​ចេញ​ថត​នៅ​ដើមខែ​កញ្ញា​នេះ នឹង​គ្រោង​ធ្វើ​ការចាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​២០២៣​៕