កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានរៀបចំពិធីជួបជុំជាមួយធុរកិច្ចជប៉ុនប្រមាណជាង៥០ ដែលជាអ្នកជំនួញជោគជ័យក្នុងប្រទេសកម្ពុជាមកពីវិស័យផ្សេងៗគ្នានៅស្នាក់ការកណ្តាលរបស់ធនាគារ។ ការរៀបចំជំនួបពិភាក្សានេះឡើងគឺក្នុងគោលបំណងពិភាក្សា ស្វែងយល់ពីចំណុចសំខាន់ៗនៃសក្តានុពលសេដ្ឋកិច្ច ព្រមទាំងការលើកទឹកចិត្ត និងបង្កើនជំរុញវិនិយោគជប៉ុនផ្សេងទៀតមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ធនាគារអេស៊ីលីដាក៏ធ្លាប់បានរៀបចំប្រមូលផ្តុំអ្នកវិនិយោគបរទេសជាច្រើនមានដូចជាធុរកិច្ចជប៉ុនឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី Business Matching ដែលផ្តល់ឱកាសជូនដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់មកពីវិស័យផ្សេងៗគ្នា ដើម្បីចូលរួមធ្វើបទបង្ហាញនូវសកម្មភាពផលិតកម្ម សេវាកម្ម និងគោលដៅអាជីវកម្មរបស់ខ្លួនឱ្យទៅដល់ដៃគូអាជីវកម្ម រឺក្រុមហ៊ុនផ្សេងៗ។

កម្មវិធីជំនួបពិភាក្សាដែលរៀបចំដោយធនាគារអេស៊ីលីដា គឺជាការចូលរួមចំណែកជួយជ្រោមជ្រែង ផ្តល់លទ្ធភាពជូនដល់ម្ចាស់អាជីវកម្មទាំងអស់មកពីវិស័យផ្សេងៗគ្នា អាចជួបពិភាក្សា និងចូលរួមទំនាក់ទំនងសាជីវកម្ម ក៏ដូចជាកសាងបណ្តាញស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យមានភាពរីកចម្រើនទាំងអស់គ្នាផងដែរ។

លោក កាន់ដា យ៉ូហ្គោ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុនជប៉ុនប្រមាណជាង២៥០ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាបានធ្វើការចុះបញ្ជីនៅសមាគម និងផ្តោតទៅលើវិស័យផ្សេងគ្នាជាច្រើនមានដូចជាវិស័យ ធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម​ តែក៏នៅមានក្រុមហ៊ុនមួយចំនួនមិនទាន់បានចុះបញ្ជីនៅសមាគមនៅឡើយទេ។ ជាងនេះទៅទៀត លោកប្រធានសមាគមក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣ លោកសង្ឃឹមយ៉ាងមុតមាំថានឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតបន្តមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅលើវិស័យផ្សេងៗទៀតឱ្យបានច្រើន។

មិនតែប៉ុណ្ណោះលោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងផងដែរថាការរៀបចំវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការលើកទឹកចិត្តឱ្យមានវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត​ព្រោះតាមរយៈវេទិកានេះយើងបានចែករំលែកនូវបទពិសោធន៍ដែលពាក់ពទ្ធ័នឹងការធ្វើអាជីវកម្ម ជាពិសេសផ្នែកហិរញ្ញវត្ថុ និងប្រមូលផ្តុំនូវព័ត៌មានសេដ្ឋកិច្ច ដើម្បីរៀបចំផែនការវិនិយោគនាថ្ងៃខាងមុខ។

នៅក្នុងវេទិកានេះផងដែរ អ្នកជំនួយជប៉ុនមួយចំនួនមានការបារម្ភពីបញ្ហាអតិផរណាដែលមានការកើនឡើងខ្ពស់ធ្វើប៉ះពាល់ដល់ការវិនិយោគ តែលោកបណ្ឌិត អ៊ិន ចាន់នី​ បានបញ្ជាក់ផងដែរថាបញ្ហានេះគឺបណ្តាលមកពីការកើនឡើងតម្លៃប្រេងធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗទៀត តែទោះយ៉ាងណាក៏រាជរដ្ឋាភិបាលកម្ពុជាមានវិធានការជួយដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ ៕