រាជធានីភ្នំពេញ៖ ពិតណាស់មហាជនគ្រប់គ្នាច្បាស់ជាបានជ្រាបពីការប្រកួតសម្រស់បវរកញ្ញា Miss Grand Cambodia២០២២ កាលពីយប់មិញនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួន ក្ដៅស្លឹកត្រចៀកជាមួយនឹងបេក្ខភាពតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិតដែលច្នៃឈុតបង្ហាញពីល្បែងស៊ីសងទៅវិញ រហូតសូម្បីតែតារាល្បីលោក អ៊ុន សិទ្ធា ក៏មានប្រតិកម្ម និងបានរិះគន់តាមបណ្ដាញសង្គមផងដែរ។

លោកអ៊ុន សិទ្ធា ធ្លាប់ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធ ” ស្រីស្រស់ប្រុសស្អាត” នៅប៉ុស្តិ៍ទូរទស្សន៍ CTN កាលពីឆ្នាំ២០០៦ ក្នុងនោះលោកក៏តែងតែបង្ហាញនូវវត្តមានក្នុងប៉ុទូរទស្សន៍ និងក្នុងបណ្ដាញសង្គមមិនចេះដាច់រហូតមក។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ស្របពេលដែលមានការប្ររព្ធនូវកម្មវិធី Miss Grand Cambodia២០២២ ដែលជាកម្មវិធីថ្នាក់ជាតិដ៏ធំមួយរបស់ប្រទេសសម្រាប់ការជ្រើសរើសបេក្ខភាព៣៥ រូប ដែលជាបវរកញ្ញាមាន​សមត្ថភាព ក៏ដូចជាការយកឈ្នះនូវឈុតតំណាងឱ្យខេត្តក្រុងនីមួយ ដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិជាបន្តទៀត។ ក្នុងនោះក៏មានឈុតតំណាងឱ្យ ក្រុង ប៉ោយប៉ែត និងក្រុងបាវិត បានធ្វើឱ្យមហាជខកចិត្ត និងមានការមិនពេញចិត្តជាមួយនឹងឈុតរបស់បេក្ខភាពទាំងពីរដែលបានច្នៃឈុតបង្ហាញពីល្បែងស៊ីសងក្នុងកាស៊ីណូ មានបៀ អាប៉ោង ខុសពីវប្បធម៌ប្រទេសជាខ្លាំង។

ក្នុងនោះតារាល្បីលោកអ៊ុន សិទ្ធាក៏បានធ្វើការរិះគន់ចំៗ និងបានបង្ហោះសារដែលជាមតិរបស់លោកចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូចច្នេះថា៖

“មិនទើសទេ គ្រាន់តែចូលរួមជាយោបល់  ឈុតតំណាងខេត្តទាំងនេះ (សៀមរាប និង ប៉ោយប៉ែត ) ម៉េចក៏បង្ហាញពីល្បែងស៊ីសងទៅវិញសំខាន់ខេត្តសៀមរាបខេត្តដែលល្បីពេញពិភពលោក បែរជាកាន់អាប៉ោងដើរកាន់ពេញឆាកបង្អួតពីល្បែងស៊ីសង (ប្រទេសខ្មែរកំពុងលុបបំបាត់ល្បែងស៊ីសង)”។ លើសពីនេះបន្ទប់មកលោកក៏បានបញ្ចេញមតិបន្ថែមថា៖ “សូមឈុតលើកក្រោយ គួរប្រជុំគ្នាជាមុនផងកុំអោយមានកំហុសហើយបេក្ខភាពអាចមានសិទ្ធជំទាស់បានប្រសិនបើអ្វីមួយខុស ប្រក្រតី ដោយការគោរពជួយជាយោបល់”៕