ភ្នំពេញ៖ មហាជន និងសិល្បៈករជាច្រើនបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ទៅលើកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្រោយបេក្ខភាពចំនួនពីររូប បានបង្ហាញឈុតនារីកាស៊ីណូ និងល្បែងស៊ីសង ជាឈុតតំណាងខេត្ត-ក្រុង។
យ៉ាងណាមិញ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ស្រាប់តែ ជីលី ទេវី ដែលជាអតីតកញ្ញាឯករងលំដាប់ទី២ នៃកម្មវិធី Miss Grand Cambodia 2020 បានបញ្ចេញមតិហាក់ដូចជាផ្ទុយពីគេដូច្នេះថា៖ “ឈុតប្រចាំខេត្តព្រះសីហនុ ត្បូងឃ្មុំ ប៉ោយប៉ែត (ស្តាយមិនបានថតជាមួយឈុតខ្មែរកម្ពុជាក្រោម) ព្រោះគាត់ប្តូរឈុតរួចរាល់។ សុំ (ប៉ោយប៉ែត បាវិត) មានបងប្អូនរិះគន់ច្រើន តែសូមជម្រាបថាបាវិតប៉ោយប៉ែតគឺសម្បូរទៅដោយកាសុីណូស្របច្បាប់ បងប្អូនដឹងទេថាកាសុីណូ១ចំនួនមិនទួលភ្ញៀវជាខ្មែរទេ តែកន្លែងខ្លះក៏ទទួល ខ្ញុំមិនសូវច្បាស់ដែររឿងគេទទួលខ្មែររឺអត់ ព្រោះខេត្តទាំង២ជាប់ព្រំដែនវៀតណាមនិងថៃ បើបងប្អូនថាមិនល្អ កុំលេងវាអី ល្បែងតែងវិនាសកុំចាប់ជាអាជីពល្បែងសុីសងដូចស្រាដែរ បើគិតថាវាមិនល្អកុំផឹកវាអីខូចសុខភាព បើកបរពេលស្រវឹងអាចបាត់បង់ជីវិត តែបើយូរៗម្តងមិនហាមឃាត់ទេ គ្រាន់តែស្រវឹងកុំបើកបរ សំខាន់ស្ថិតនៅលើបងប្អូន កុំប្រើប្រាស់វា វានឹងមិនប៉ះប៉ាល់ដល់បងប្អូនទេ!សូមអរគុណ”។
ក្រោយពីបានបង្ហោះសារបែបនេះហើយ យើងក៏ឃើញមានមហាជនជាច្រើនបានចូលទៅស្ដីថា រិះគន់កញ្ញាយ៉ាងចាស់ដៃ ដោយមានអ្នកខ្លះថែមទាំងបានលើកឡើងថា៖ «កញ្ញានិយាយមិនដឹងអ្វីដឹងទាំងអស់ និយាយឲ្យតែរួចពីមាត់»។
ភ្លាមៗនោះស្រាប់តែ ជីលី ទេវី ក៏បានសម្រេចចិត្តលុបសារនោះចោលព្រមទាំងបានសរសេរសារសុំទោសមួយទៀតមានខ្លឹមសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំជីលីសុំទោសបងប្អូនដែលអេតមីននាងខ្ញុំបានផុស ពាក្យមិនសមរម្យ ឥលូវនាងខ្ញុំបានលុបរួចរាល់ហើយ សូមទោសណាបងប្អូនដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន»។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។ នៅក្នុងឈុតតំណាងខេត្ត-ក្រុងនីមួយៗ សុទ្ធសឹងតែមានភាពលេចធ្លោ ទាក់ទាញស្រស់ស្អាតរបស់បេក្ខភាពទាំង ៣៥នាក់ ប៉ុន្តែក៏មានការលើកឡើងមិនពេញចិត្តចំពោះបេក្ខភាពចំនួនពីររូប ដែលបានយកឈុតតំណាងក្រុងរបស់ខ្លួន ជាឈុតនារី កាស៊ីណូ ទៅវិញ។ បេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូដ នៅលើវាទិកា ធ្វើឱ្យមហាជនផ្ទុះការរិះគន់ មិនគាំទ្រនូវសម្លៀកបំពាក់ ដែលពួកគាត់បានពាក់នេះ៕