ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដែលនេះជាការត្រៀមដ៏សំខាន់មួយ ដើម្បីដកស្រង់បទពិសោធន៍ ជាមួយក្រុមដែលមានកម្រិតខ្ពស់ជាង ហើយក៏ជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែលចូលរួមការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។

លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា “សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធន៍ថ្មីមួយ ដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធន៍ម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ។ នេះក៏ជាឱកាសលើកទី២ ដែលយើងបានប្រកួតជាមួយពួកគាត់ អ៊ីចឹងជាការប្រកួតប្រជែងបន្ថែមថ្មីទៀត សម្រាប់ជាការពង្រឹងសមត្ថភាព ជាមួយនឹងកីឡាករដែលមានកម្រិតខ្ពស់ជាងយើង។ ទាំងអស់ហ្នឹង ជាផ្នែកមួយដែលអាចជាផលវិជ្ជមានសម្រាប់កីឡាករយើង ហើយជាការប្រកួតមួយ ដែលយើងលេងក្នុងទឹកដីរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ។”

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕