ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល ។ ពេលផ្លែ ចាស់ល្មមអាចហាន់ជាចំណិតហាលឲ្យគ្រាម គេថា ស្លាចំណិត គុណប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែង ពិសារទាំងខ្ចី ទាំងចំណិតជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌ មានលាយ ទៀន ធូប និងពិធីប្រពៃណីខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ ។

ប្រជាកសិករដាំស្លាក៏អាចរកចំណូលបានមួយផ្នែកធំសម្រាប់ជួយសេដ្ឋកិច្ចគ្រួសារបានដែរ ។ ផលស្លាល្អ ស្រួលលក់ ពោលគឺ មានម៉ូយចូលទិញដល់ផ្ទះតែម្តង ទាំងផ្លៃស្លាខ្ចី និងស្លាចំណិត ។ បច្ចុប្បន្ន ផ្លែស្លាខ្ចីមូលទ្រវែង កំពុងត្រូវប៉ាន់ឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី៣០ទៅ៤០តោននោះទេ។

បងស្រី ណុច សុខឃីម អាយុ៥២ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារគាត់តែងទិញស្លាពីបងប្អូនប្រជាពលរដ្ឋមកហាត់ធ្វើស្លារចំណិត ដែលក្នុង១គីឡូក្រាមស្លាស្រស់តម្លៃ១២០០រៀល ហើយពេលស្លាគ្រាមលក់ចេញបានតម្លៃ២៧០០០រៀល ហើយឆ្នាំនេះស្លាថោកជាងឆ្នាំទៅលក់បានតម្លៃ៣៥០០០រៀល ។

ក្នុងស្លាស្រស់៥០០គីឡូក្រាម ហាលគ្រាមចំណិតបានតែ៣៦គីឡូក្រាមតែប៉ុណ្ណោះ ។ មុខរបរនេះ អាចរកចំណូលបាន៥ទៅ៦លានរៀលដែរក្នុង១ឆ្នាំៗ ជាចំណូលសំខាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារបានដែរ ហើយបើកសិករយើងមានដីទំហំធំដាំស្លារអាចរស់ស្រួលមែនទែន។

 គួរបញ្ជាក់ផងដែរថា នៅក្នុង១ថ្ងៃៗ គាត់អាចប្រមូលទិញបានពី៣ទៅ៤តោន ដឹកយកទៅលក់នៅប្រទេសវៀតណាម ។  ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាមមិនក្រោមពី៣០ ទៅ៤០តោននោះទេ ៕