រដ្ឋធានីប៉េកាំង៖ ស្របពេល ក្រុងមូស្គូ កំពុងតែជាប់ដៃ ធ្វើសង្គ្រាម វាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជិត៦ខែកន្លងមកនេះ ចិន ក៏គ្រោងនឹងបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងខែកញ្ញា ខាងមុខនេះ។

សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ថា ក្រសួងការពារជាតិចិន កាលពីថ្ងៃពុធ បានប្រកាសថា ក្រុងប៉េកាំង មានគម្រោង បញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមធ្វើសមយុទ្ធយោធាចម្រុះជាតិសាសន៍។

រដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងមូស្គូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ លើវិស័យការពារជាតិ។ ជាមួយគ្នានេះ ចិន បានអះអាងថា ក្រុងប៉េកាំង ចង់ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី «ឈានដល់កម្រិតកំពូល» បើទោះជាក្រុងមូស្គូ កំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ពីអន្តរជាតិ និង ការថ្កោលទោសជាសកល ជុំវិញសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTv5myplLkmFC-qAQp1QEulxQWUYfBif_gK-tcp4WbPap7oBLuyH-gxUjtmOU49Ngvq5CjcWHFJCXPl8n-GwdOfo8kU8eFWV_12rnfk_78hUdkbrMMWfpMt5WdtsAWewGnTShjdw9PwJITpiJn_6D6OXyoaLVYsvnhs-e4A3HN8VnNPTsSel6WCI9-/s1000/photo_2022-08-19_16-50-39.jpg

ក្រសួងការពារជាតិចិន បានបញ្ជាក់ថា ការចូលរួមរបស់កងទ័ពចិន នៅក្នុងសមយុទ្ធវ៉ូស្ដូក (Vostok) ប្រចាំឆ្នាំ ដែលក្រុងម៉ូស្គូ បានអះអាងថា នឹងចាប់ផ្ដើមធ្វើឡើង ចន្លោះពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ជាផ្នែកមួយ នៃកិច្ចព្រមព្រៀង នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយរុស្ស៊ី។

ក្រសួងការពារជាតិចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «គោលបំណង នៃការធ្វើសមយុទ្ធនេះ គឺធ្វើឱ្យស៊ីជម្រៅ នៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង និង មិត្តភាពជាមួយកងទ័ព មកពីបណ្ដាប្រទេសនានា ដើម្បីបង្កើនកម្រិតកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្ត នៅក្នុងចំណោមភាគីចូលរួម និង ពង្រឹងសមត្ថភាព នៅក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗទៀត»។

នៅក្នុងការធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសរុស្ស៊ី នោះ គេរំពឹងថា មានកងទ័ព មកពីប្រទេសជាច្រើន ចូលរួម មានដូចជា ឥណ្ឌា បេឡារុស ម៉ុងហ្គោលី …ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsx0ebDnM-bx332_8P_5xZYN84OaiUpUMN7XUEKuZwhFcsgKjyuUghn4w9om78g9AS2nJAeWde__bHot3jJvS_2ZH16cGNFDQmMpLw1rpsZjHCpSezjQYSdApO5t0Y6L7RPYDCrXRf-4Kg6Ct3P43m0T0Nrs7tg1Avy3e3gH09pYSFGKWVLSpYWeF/s940/photo_2022-08-19_16-50-40.jpg

ដោយឡែក លោក ណែត ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ស្របពេលទំនាក់ទំនង រវាងចិន និងរុស្ស៊ី កាន់តែក្តៅគគុក បានធ្វើឱ្យខូចខាតដល់សន្តិសុខពិភពលោកនោះ ក្រុងវ៉ាស៊ីនតោន មិនបានចាប់អារម្មណ៍អ្វីទាំងអស់ នៅក្នុងការធ្វើសមយុទ្ធនេះទេ។ ដោយឡែក ប្រទេសដែលចូលរួម ភាគច្រើនក៏តែងតែចូលរួម នៅក្នុងការធ្វើសមយុទ្ធយោធាជាច្រើនប្រភេទ និង មានការផ្លាស់ប្តូរបទពិសោធន៍ជាមួយសហរដ្ឋអាមេរិក ផងដែរ៕