ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនកម្លាំងសកម្មភាពយោធាកាន់តែខ្លាំងក្លា ដើម្បីបំភិតបំភ័យដល់រដ្ឋាភិបាលក្រុងតៃប៉ិ នោះ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានចេញមុខទៅជួបកងទ័ពរបស់លោកស្រី ដោយផ្ទាល់ ដើម្បីពង្រឹងស្មារតីរបស់ពួកគេ សម្រាប់ការត្រៀមខ្លួនប្រយុទ្ធ ប្រសិនបើចិនបង្កសង្គ្រាមជាយថាហេតុ។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ថា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានចុះទៅជួបកងទ័ពជើងទឹកតៃវ៉ាន់ ដោយផ្ទាល់ ដើម្បីថ្លែងអំរគុណ និង លើកទឹកចិត្តដល់ពួកគេ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារទឹកដី ប្រឈមមុខនឹងភាពតានតឹងជាមួយចិន ខណៈក្រុងប៉េកាំងកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងបំផុត មកលើក្រុងតៃប៉ិ។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា បានទៅបំពេញទស្សនកិច្ច នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកស៊ូអាវ (Suao) ស្ថិតនៅឆ្នេរភាគឦសាន កោះតៃវ៉ាន់។ ជាមួយគ្នានេះ លោកស្រី បានប្រាប់ដល់កងទ័ពជើងទឹកតៃវ៉ាន់ អំពីតម្រូវការចាំបាច់ នៅក្នុងការតាមឃ្លាំមើលសកម្មភាពយន្ដហោះយោធា និង នាវាចម្បាំងរបស់ចិន។

លោកស្រីប្រធានាធិបតី បានសង្កត់ធ្ងន់ថា «ការគំរាមកំហែង និង ការបង្កហេតុ ពីប្រទេសចិន នៅខាងក្រៅដែនទឹករបស់តៃវ៉ាន់ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយកងទ័ពតៃវ៉ាន់ ត្រូវតែតាមឃ្លាំមើល គ្រប់សកម្មភាពនាវាចម្បាំងរបស់ក្រុងប៉េកាំង គ្រប់ពេលវេលាទាំងអស់ ថ្វីបើចិនកំពុងតែដាក់សម្ពាធយ៉ាងធំធេង មិនអាចពិពណ៌នាបានយ៉ាងណាក៏ដោយ»។

ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ និង តំបន់សមុទ្រ ជុំវិញដែនកោះមួយនេះ កំពុងតែឡើងកម្ដៅ កាន់តែខ្លាំងឡើង ក្រោយពេលលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ។ ជាមួយនឹងការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់អ្នកនយោបាយកំពូលរបស់សហរដ្ឋអាមេរិក នោះ ក្រុងប៉េកាំង បានដាក់ពង្រាយយន្ដហោះយោធា និង នាវាចម្បាំង ជាច្រើនគ្រឿង ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត ឡោមព័ទ្ធកោះតៃវ៉ាន់។

សកម្មភាពយោធារបស់ក្រុងប៉េកាំង គឺជាការបំភិតបំភ័យដល់ក្រុងតៃប៉ិ ឲ្យព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន។ លើសពីនេះទៅទៀត ក្រុងប៉េកាំង តែងតែគំរាមកំហែង ពីការប្រើប្រាស់កម្លាំងទ័ព វាយលុកកាន់កាប់ដែនកោះតៃវ៉ាន់ ប្រសិនបើមានការចាំបាច់។

លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់លើកឡើង នាពេលកន្លងមក ថា ទោះជាអស់តម្លៃប៉ុនណាក៏ដោយ លោកស្រីត្រូវតែការពារដែនកោះមួយនេះឲ្យខាងតែបាន។ ជាមួយនឹងការប្ដេជ្ញាចិត្ដដ៏មុនមាំរបស់លោកស្រីនោះ រដ្ឋាភិបាលក្រុងតៃប៉ិ បានចំណាយថវិការាប់ពាន់លាន ក្នុងមួយឆ្នាំៗ ដើម្បីទិញគ្រឿងចម្បាំងទំនើបៗ មកពីសហរដ្ឋអាមេរិក ដើម្បីយកមកការពារដឹកដីរបស់ខ្លួន ទប់ទល់ពីការវាយលុករបស់ចិន៕