ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រសួងមហាផ្ទៃម្នាក់និងបក្ខពួកប្រុសស្រី៤នាក់ទៀតត្រូវបានកម្លាំងនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នៅចំណុចផ្ទះសំណាក់ ហេង គង់ ឋិតក្នុង ភូមិ​ជំទាវ​ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។

នគរបាលមូលដ្ឋានប្រាប់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ រួមមាន: ១-ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ មុខរបរ ជានគរបាលជាតិ នៅការិយាល័យ(ក៧)នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។

២-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ(មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បាញ់ប្រុងរំដោះអ្នកទោស កាលពី ឆ្នាំ២០២១និងដកហូតអាវុធខ្លី០១ដើម គ្រាប់០៤គ្រាប់ ។

៣-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ 

៤-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

៥-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញ កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕