កសិករក្នុងសហគមន៍សំបូរមានជ័យ កំពុងមមាញឹកប្រមូលផលដំណាំស្លឹកគ្រៃ ប្រមាណ៨០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។ . លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះប្រជាកសិករនៅក្នុងសហគមន៍សំបូរមានជ័យកំពុងមមាញឹកលើការប្រមូលផលដំណាំស្លឹកគ្រៃប្រមាណជា៨០ហិកតា សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានទាន់ពេលវេលា និងកុំឱ្យសល់ជន់ជោរគ្មានទីផ្សារ។

លោកបានបន្តថា ទោះបីនៅក្នុងប៉ុន្មានខែចុងក្រោយនេះ មានការប្រែប្រួលអាកាសធាតុបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការដាំដុះនិងការប្រមូលផលស្លឹកគ្រៃនោះទេ ដោយសារតែសហគមន៍សំបូរមានជ័យមានបច្ចេកទេសដាំ និងថែទាំ បានត្រឹមត្រូវ ជាពិសេសមានការបែងចែកកម្លាំងឱ្យសមស្របទៅនឹងការប្រមូលផលឱ្យបានទាន់ពេលវេលា។

លើសពីនេះទៅទៀត សម្រាប់ដំណាំស្លឹកគ្រៃដែលសហគមន៍ លោកបានប្រមូលផលរួចរាល់ គឺមានការសហការជាមួយដៃគូ នៅក្នុងខេត្តផ្ទាល់ និងមួយចំនួនទៀតផ្គត់ផ្គត់ទៅឱ្យអតិថិជន ដែលនៅតាមបណ្តាផ្សារផ្សេងៗនៅរាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះដែរ ខាងសហគមន៍សំបូរមានជ័យកំពុងស្វែងរកបន្ថែមនូវដៃគូសហការចូលរួមពង្រីការដាំដុះដំណាំផ្សេងៗបន្ថែមទៀត ជាពិសេសកំពុងមានទំនាក់ទំនងពិភាក្សាជាមួយដៃគូនានាសម្រាប់ធ្វើការនាំចេញដំណាំស្លឹកគ្រៃ ទៅក្រៅប្រទេស ដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផង និងបានជួយលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា សហគមន៍សំបូរមានជ័យ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបច្ចុប្បន្នមានដាំដំណាំស្លឹកគ្រៃប្រមាណជា៨០ហិកតា និងមានសមាជិកដាំស្លឹកគ្រៃចំនួន ៩០០គ្រួសារ ៕

ប្រភព: ក្រសួងព័ត៌មាន