រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្សប្រកប ដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យា និងតម្រូវការការងារប្រចាំថ្ងៃ។ ធនាគារយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែង ធនាគារតែងរៀបចំការបណ្តុះ បណ្តាលធនធានមនុស្ស ទាំងនៅក្នុងធនាគារផ្ទាល់ និងចាត់បញ្ជូនឲ្យទៅសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាពិសេស វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដែលរៀបចំដោយក្រសួង និយ័តករ និងអាជ្ញាធរដែលជាអាណាព្យាបាល ។ល។ តាមរយៈវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ គឺពិតជាមានសារៈសំខាន់ ដែលនឹងធ្វើឲ្យយើងទាំងអស់គ្នាដែលជាសិក្ខាកាម យល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រ ជាអាទិ៍ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ដែលបានបោះផ្សាយជាសាធារណៈថ្មីៗនេះ ធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព។ របាយការណ៍ដែលបានបោះផ្សាយជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ គឺពិតជាមានសារៈសំខាន់ និងជាធាតុ
ផ្សំមួយសម្រាប់វិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគលើវិស័យមូលបត្រ ទៅតាមទិសដៅដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះ ការវិភាគទៅលើរបាយការណ៍ គឺតម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដែលវិនិយោគិន ម្នាក់ៗនឹងមានទំនុកចិត្តលើខ្លួនឯងនូវរាល់ការវិនិយោគរបស់ខ្លួន។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន៦,០១ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជន ប្រមាណជាង ៣,៥៩ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម
និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល : buth.bunsayha@acledabank.com.kh
ទូរស័ព្ទ : ០១៥ ៦០០ ៥៣២