ភ្នំពេញ៖ «ទើបតែពេលនេះភ្ញាក់ទាំងអស់គ្នាហើយ ថាតើអំពើជួញដូរមនុស្សវាមានសារៈសំខាន់ប៉ុណ្ណា បើយើងមិនប្រឆាំងតបតតើវាមានរឿងអីកើតឡើង ហើយបើសិនជាយើងធ្វើក៏វាមានរឿងអីកើតឡើង»។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងយ៉ាងដូច្នេះក្នុងសន្និសីទកាសែតរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមលោកជំទាវ ជូ ប៊ុនអេង ការអះអាងខាងលើនេះ គឺបន្ទាប់ពីលោកជំទាវ សង្កេតឃើញថា«ច្ចុប្បន្ននេះ អំពើជួញដូរមនុស្សវាក្លាយជាបរិបទសាកលដែលកន្លងមកមានស្ថានភាពឬមួយផ្នែកខ្លះ ក្រុមខ្លះ គឺគាត់មិនសូវយកចិត្តទុកដាក់ថាអំពើជួញដូរមនុស្សហ្នឹងវាមានរឿងអីដែលសំខាន់ទ។ អ៊ីចឹងបានជាយើងហាក់ដូចជាមើលរំលើងនូវសកម្មភាព ​និងលទ្ធផលដែលយើងខិតខំប្រឹងប្រែង»។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទំលាក់ចំណាត់ថ្នាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាដក់កម្រិតទាបបំផុត ដែលមានន័យថាកម្ពុជាជាប្រទេសគ្មានឆន្ទៈទាល់តែសោះក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងទទួលយកការវាយតម្លៃនេះមកធ្វើជារបៀបវារៈបន្ថែមក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលរាជរដ្ឋាភិបាលនិងកំពុងប្រឹងប្រែង ក៏ប៉ុន្តែបានសម្ដែងការអាក់អន់ស្រពន់ចិត្តខ្លះដែរចំពោះចំណាត់ថ្នាក់នេះ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងថាទោះជាភាគីអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។

ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលីកម្មយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បានញ៉ាំងឱ្យអំពើល្មើសទាំងនេះកាត់បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មានភាពស៊ីវិល័យសមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិ ខ្មែរ ប្រជាពលរដ្ឋមានជីវភាពសមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់ដែលបង្កដោយអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ កម្ពុជានៅមានសេសសល់បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំងកត្តាសត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់ដល់គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។

ដើម្បីជំរុញឱ្យបានខ្លាំងក្លាថែមទៀតនូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមខ្លឹមសារចេញផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង។

សូមបញ្ជាក់ថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មានជនសង្ស័យចំនួន ៤០០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សចំនួន២៣៥ករណី។ ចំនួននេះ កើនឡើងយ៉ាងខ្លាំងរហូតដល់ទៅចំនួន១៩១ករណីបន្ថែមទៀត បើប្រៀបធៀបនឹងបទល្មើសដែលត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ មានតែ ៤៤ករណីប៉ុណ្ណោះ។ ចំណាត់ថ្នាក់ទាបលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអាចឱ្យកម្ពុជាទទួលរងទណ្ឌកម្មផ្សេងៗពីភាគីអាមេរិក និងក្រុមសម្ព័ន្ធមិត្ត​ ៕