ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងាសារព័ត៌មាន Channel News Asia បានឱ្យដឹងថា ទីក្រុងញូវដេលី បានប្រកាសអំពាវនាវឱ្យប្រជាជនពាក់ម៉ាសសារឡើងវិញ បន្ទាប់ពីមានករណីនៃការឆ្លងជំងឺកូវីដ-១៩ កាន់តែឆ្លងរាលដាលច្រើន ហើយបើសិនជាអ្នកណាមិនពាក់ម៉ាស ឬពាក់មិនបានត្រឹមត្រូវតាមវិធានការ និងត្រូវរងការផាកពិន័យជាទឹកប្រាក់ផងដែរ។

វិធាននេះនឹងអនុវត្តក្រោយពីក្រសួងសុខាភិបាលក្នុងប្រទេសឥណ្ឌាបានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជនដែលរស់នៅក្នុងទីក្រុងញូវដេលី  ឱ្យអនុវត្តការពាក់ម៉ាសនៅតាមទីសាធារណៈឡើងវិញឱ្យបានគ្រប់ៗគ្នា និងមានការ​ប្រុងយ័ត្នឱ្យបានខ្ពស់ពីជំងឺកូវិដ-១៩រលកថ្មី។ ប្រសិនបើរកឃើញថានរណាម្នាក់មិនអនុវត្តពាក់ម៉ាស ឬពាក់មិនបានត្រឹមត្រូវនឹងត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ ចំនួន ៥០០រ៉ូពី (ប្រហែល៦ដុល្លារ)។

គួរបញ្ជាក់ផងដែរថាការចេញវិធានការរិតបន្តឹងការពាក់ម៉ាសម្ដងទៀតនេះធ្វើឡើងក្រោយពីកំណត់ត្រាថ្មីបញ្ជាក់ថាប្រទេសឥណ្ឌាកំពុងតែប្រឈមនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ច្រើនជាពិសេសទីក្រុងញូវដេលី ដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឱ្យកត់សម្គល់ និងពិតជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសឥណ្ឌា ដោយគិតត្រឹមរយៈពេល២៤ម៉ោងមានអ្នកឆ្លងរហូតទៅដល់ ២,១៤៦ ករណី និងមានអ្នកស្លាប់៨នាក់ផងដែរ៕