ខេត្តសៀមរាប​៖​ ស្ត្រី​ម្នាក់​ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​នាំ​យកមក​​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ក្រោយ​ពី​បាន​ចាក់​ថ្នាំ​ប្រហែល​១០​មុខ​ទៅ​លើ​អ្នកជំងឺ​ម្នាក់ ក្នុង​ពេល​តែ​មួយ​បណ្តាល​ឱ្យ​ស្លាប់​
ភ្លាម​ៗ ​។

ហេតុការណ៍​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០១រសៀល​ថ្ងៃ​ទី​០៩ ​សីហា ស្ថិត​ចំណុច​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ ឱ្យ​ដឹង​ទៀត​​ថា ស្ត្រី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​​ឈ្មោះ វ៉​ន ស្រី​ ​អាយុ​៥២​ឆ្នាំ មុខរបរ​គ្រូពេទ្យ​បុរាណ​ មាន​ទីលំនៅ ស្ថិត​នៅ ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ការ​ឃាត់ខ្លួន​នេះ​ ត្រូវបានរងការ​ចោទ​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា (​ព្យាបាល​គ្មាន​វិជ្ជាជីវៈ ផ្នែក​វេជ្ជសាស្ត្រ និង​បើក​ទីតាំង​ព្យាបាល​គ្មាន​អាជ្ញាប័ណ្ណ​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សេង ត្រេ​ត ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ ជា​អ្នកជំងឺ​លើសឈាម មាន​ទីលំនៅ ស្ថិត​នៅ​ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្ត​សៀ​បរាប​ ។

យ៉ាងណាមិញផេ​ក​ហ្វេ​ស​ប៊ុ​ក AngKor Chom OD ការិយាល័យ​ស្រុក​អង្គរជុំ បាន​បង្ហោះ​សារ​មួយ​ថា​៖ អ្នកជំងឺ​​ម្នាក់​រស់នៅ​ភូមិ​មួយ ក្នុង​ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ស្លា.ប់​ដោយ សារ​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ ។ អ្នកជំងឺ​​មាន​អាកា​រៈស្លា.ប់​១​ចំហៀង​ខ្លួន ដោយសារ​ជំងឺ​លើសឈាម និង​បាន​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

ទោះបីជា​គ្រូពេទ្យ​ប្រាប់​ថា អ្នកជំងឺ​​មិន​អាច​ធូរស្រាល​បាន​ទេ និង​ត្រូវ​ត្រឡប់​មក​ថែទាំ​នៅផ្ទះ​វិញ ប៉ុន្តែ​បងប្អូន​សម្រេច​ស្វែងរក​ការ​ព្យាបាល​តាម​មធ្យោបាយ​ផ្សេង​វិញ​។ បងប្អូន​អ្នកជំងឺ​បាន​សម្រេច​ចិត្ត​ឱ្យ​អ្នក​គ្រូពេទ្យ​ម្នាក់​រស់នៅ បេង​មាលា ស្រុក​ស្វាយ​លើ ស្ថិត​ក្នុង​តំបន់​គ្របដណ្ដប់​របស់​ស្រុក​ប្រតិបត្តិ​សូទ្រនិគម​ព្យាបាល​ដោយ​ធានា​ថា មើល​១​ជា (​យក​៣​លាន​រៀល​)​។

ក្រោយ​ការ​ព្យាបាល​មិន​បាន​មួយ​ថ្ងៃ អ្នកជំងឺ​បាន​ទទួលមរណភាព​ហើយ​។ តែ​អ្វី​ដែល​យើង​ហួស​ចិត្ត​នោះ​ គឺ​ពេទ្យ​ប្រើ​ថ្នាំ​ជិត​១០​មុខចាក់​ទៅ​លើ​អ្នកជំងឺ​ក្នុង​ពេល​១​ថ្ងៃ​។ នេះ​ជា​ការ​លំបាក​មួយ​ក្នុង​ការ​គ្រប់គ្រង​សេវា​សុខាភិបាល​ខុសច្បាប់​។

បច្ចុប្បន្ន សាកសព ជន​រងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ស្រុក​អង្គរជុំ រួចរាល់​ហើយ​៕​​