អន្តរជាតិ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង ដែលជាអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាននៃគណបក្សពលករកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្លាក់ខ្លួនឈឺក្នុងអំឡុងពេលដែលមានការផ្ទុះឡើងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ។

លោកស្រីបានចង្អុលបង្ហាញថា «បើទោះបីជាមេដឹកនាំរូបនេះឈឺធ្ងន់ដោយជំងឺគ្រុនក្តៅខ្លាំងក៏ដោយ ក៏លោកមិនអនុញ្ញាតឱ្យខ្លួនឯងដេកមួយនាទីដែរ ដោយលោកគិតអំពីប្រជាជនដែលលោកត្រូវយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត»។

នៅពេលមុននេះ លោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះលើការឆ្លងរាលដាលជំងឺរាតត្បាតនេះ។ អ្នកជំងឺគ្រុនក្តៅជាង ៤,៧លាននាក់ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីចុងខែមេសាមក ហើយ ៩៩,៩% នៃពួកគេបានជាសះស្បើយ។ យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ប្រទេសនេះបានកត់ត្រាករណីស្លាប់ចំនួន ៧៤នាក់។

ទន្ទឹមនឹងនេះដែរ លោកស្រី គីម យ៉ូជុង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមានការព្រួយបារម្ភអំពីការពិតដែលថា ជំងឺរាតត្បាតនេះបានចាប់ផ្តើមឆ្លងរាលដាលនៅក្នុងតំបន់ជាប់ព្រំដែនកូរ៉េខាងត្បូង។ លោកស្រី គីម យ៉ូជុង បាននិយាយបន្ថែមថា «យើងបានសន្និដ្ឋានថា យើងមិនអាចព្រងើយកន្តើយនឹងការហូរចូលជាបន្តបន្ទាប់នៃសំរាមពីកូរ៉េខាងត្បូងទៀតទេ វាគ្រាន់តែជាឧក្រិដ្ឋកម្មដែលគ្មានសីលធម៌។ រឿងសំខាន់ គឺអាយ៉ងកូរ៉េខាងត្បូងនៅតែបន្តផ្ញើខិត្តប័ណ្ណ និងវត្ថុកខ្វក់ឆ្លងកាត់ព្រំដែនមកកាន់ទឹកដីរបស់យើង»។ ក្រោយមក ទីក្រុងសេអ៊ូលបានច្រានចោលចំពោះការចោទប្រកាន់ទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃទី១២ ខែឧសភាថា ប្រទេសនេះបានរកឃើញករណី «ជំងឺគ្រុនក្តៅ» ដំបូងរបស់ខ្លួន។ ករណីឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ចំនួន ៣៩២ ៩២០នាក់កាលពីថ្ងៃទី១៥ ខែឧសភា ហើយបន្ទាប់មកករណីឆ្លងនេះក៏បានចាប់ផ្តើមធ្លាក់ចុះ។ នៅថ្ងៃទី៣០ ខែកក្កដា អាជ្ញាធរបានប្រកាសថា មិនមានអ្នកជម្ងឺគ្រុនក្តៅថ្មីត្រូវបានរាយការណ៍នៅមួយថ្ងៃមុននៅក្នុងប្រទេសនេះទេ៕